ដោយៈ សុផារី
បាងកកៈ ប្រទេសថៃបានបញ្ជូនឯកសារ ទៅកាន់លេខាធិការដ្ឋានអាស៊ានចំពោះផ្តល់សច្ចាប័នរបស់ខ្លួន សម្រាប់កតិកាសញ្ញាពាណិជ្ជកម្មភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ហើយបានបញ្ជាក់សារជាថ្មីថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំក្រោយតាមការគ្រោងទុក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់ពីប្រភពមិនបញ្ចេញឈ្មោះមួយ នៅក្នុងក្រសួងពាណិជ្ជកម្មថៃដែលបាននិយាយថា តាមរយៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit ប្រទេសថៃបានបញ្ជូនការផ្តល់សច្ចាប័ន សម្រាប់កិច្ចព្រមព្រៀង RCEP កាលពីថ្ងៃទី២៨ ខែតុលា ទៅកាន់លេខាធិការដ្ឋានអាស៊ានមុនខែវិច្ឆិកា បានកំណត់កាលពីមុន។
សភាថៃបានផ្តល់សច្ចាប័ន ទៅលើកតិកាសញ្ញានេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំនេះ។ កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសចំនួន១៥កាលពីខែវិច្ឆិកាឆ្នាំមុននេះ នឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយប្រទេសជាសមាជិកអាស៊ានយ៉ាងតិចចំនួន៦ និងប្រទេសហត្ថលេខីចំនួន៣ផ្សេងទៀត។
ក្នុងចំណោមប្រទេសហត្ថលេខីទាំងនោះ មានប្រទេសសិង្ហបុរី និងចិនបានបញ្ចប់នីតិវិធីផ្តល់សច្ចាប័នរួចរាល់ហើយ។
កិច្ចព្រមព្រៀង RCEP មានការចូលរួមពីប្រទេសជាសមាជិក អាស៊ានទាំង១០ ដែលរួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងប្រទេសអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េ។
ប្រទេសជាសមាជិកអាស៊ានចំនួនប្រាំ គឺប្រទេសសិង្ហបុរី ព្រុយណេ ឡាវ កម្ពុជា និងថៃ បានបញ្ជូនការសច្ចាប័នទៅលើកតិកាសញ្ញានេះរួចហើយ។
អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ លោក Auramon Supthaweethum បាននិយាយថា ប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងRCEP ក្នុងលក្ខខណ្ឌនៃទីផ្សារធំជាងនេះ ដោយសារតែកិច្ចព្រមព្រៀងRCEP គឺជាទីផ្សារពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុតរបស់ពិភពលោក ដោយមានប្រទេសចំនួន១៥ចូលរួមជាមួយនឹងចំនួន ប្រជាជនសរុបជិត២,៣ប៊ីលានដុល្លារអាមេរិក ជាមួយនឹង GDP សរុប២៨,៥ទ្រីលានដុល្លារអាម៉េរិកកាលពីក្នុងឆ្នាំ២០២០។
ទំហំពាណិជ្ជកម្មរបស់កិច្ចព្រមព្រៀង RCEP បានកើនឡើងលើសពី១០,៧ទ្រីលានដុល្លារអាម៉េរិក ឬ ៣០,៣ភាគរយនៃពាណិជ្ជកម្មសរុបសកលកាលពីឆ្នាំមុន៕







