ដោយៈសុខុម
ហ្សាការតា: មូលនិធិវិនិយោគ (SWF) របស់ឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងតម្លៃ៧,៥ពាន់លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនដឹកជញ្ជូន DP World ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដើម្បីបង្កើតសម្ព័ន្ធក្រុមហ៊ុនមួយសម្រាប់រយៈពេលវែង ដើម្បីវិនិយោគលើគម្រោងកំពង់ផែសមុទ្រ ក្នុងប្រទេសជាសមាជិកអាស៊ាន មួយនេះ។
ក្រុមហ៊ុនDP World និងអាជ្ញាធរវិនិយោគឥណ្ឌូនេស៊ី បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃអាទិត្យ ទី៣១ តុលា សម្ព័ន្ធក្រុមហ៊ុននេះ នឹងសិក្សាឱកាសវិនិយោគលើចំណត ចំណតទំនិញ ការដឹកជញ្ជូនតាមផ្លូវគោកទៅ និងមកកាន់កំពង់ផែ និងសួនឧស្សាហកម្មដែលនឹងកាត់បន្ថយការចំណាយ លើការដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចាប់ផ្តើមមូលនិធិវិនិយោគរបស់ខ្លួន កាលពីខែកុម្ភៈ ជាមួយនឹងការវិនិយោគដំបូង ចំនួន៥ពាន់លានដុល្លាអាមេរិក។
មូលនិធិនេះ មានភារកិច្ចពង្រីកទ្រព្យសកម្មរបស់ខ្លួន ឱ្យឈានដល់ទំហំ២០ពាន់លានដុល្លារអាមេរិក តាមរយៈការទាក់ទាញសហវិនិយោគិន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចដ៏ធំបំផុតអាស៊ីអាគ្នេយ៍។
ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានប្រកាសកាលពីខែមីនា ថា ខ្លួននឹងបោះទុនវិនិយោគចំនួន១០ពាន់លានដុល្លារអាមេរិក នៅក្នុងមូលនិធិនេះ ដែលត្រូវចំណាយលើគម្រោងនានានៅក្នុងប្រទេសឥណ្ឌូនេស៊ី។
កាលពីខែឧសភា អាជ្ញាធរវិនិយោគឥណ្ឌូនេស៊ី បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាណាដា CDPQ ក្រុមហ៊ុនហូឡង់ APG Asset Management និងអាជ្ញាធរវិនិយោគក្រុងអាប៊ូដាប៊ី (Abu Dhabi Investment Authority ) ដើម្បីបង្កើត Platform វិនិយោគមួយ ដែលមានតម្លៃ៣,៧៥ពាន់លានដុល្លារអាមេរិក ដែលនឹងផ្តោតលើការស្ថាបនាផ្លូវបង់ប្រាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕ Reuters៕







