ដោយ៖ លក្ខិណា
ភ្នំពេញ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាស្នើសុំឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យនិងគាំទ្រគម្រោងវិនិយោគថាមពលដើរដោយពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុនអង់គ្លេសនៅកម្ពុជា ខណៈដែលឯកអគ្គរាជទូតបានសាទរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍថាមពលរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកស្រី ធីណា រេតស (Tina Redshaw) ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានស្នើសុំការគាំទ្រគម្រោងវិនិយោគថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
លោកស្រី ធីណា រេតស (Tina Redshaw) ក៏បានលើកឡើងអំពីជំនួយហិរញ្ញវត្ថុក្នុងគម្រោងអភិវឌ្ឍន៍ថាមពលសម្រាប់កម្ពុជា និង ស្នើឱ្យក្រសួងចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ ដែលខ្លួនបាននិងកំពុងអនុវត្តក្នុងវិស័យនេះ ទៅក្នុងថ្នាក់តំបន់ផងដែរ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននាពេលនេះ។
លោករដ្ឋមន្ត្រី ស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបង្ហាញអំពីគោលជំហរសំខាន់ៗរបស់កម្ពុជា ក្នុងវិស័យថាមពល ដែលពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុសកលនេះ រួមមាន ការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន មិនរៀបចំគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលរាជរដ្ឋាភិបាលសម្រេចរួចតាំងពីឆ្នាំ២០១៩ ដោយប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជា ឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ បន្តលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ, ប្តេជ្ញាចិត្តចំពោះការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយផ្អែកលើគោលការណ៍ទទួលខុសរួម តែមានកម្រិតផ្សេងៗ និងតាមសមត្ថភាពរៀងៗខ្លួន។
តាមការសិក្សាផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា ដែលកំពុងរៀបចំជាមួយធនាគារ ADB ចំពោះការចូលរួមដោះស្រាយគោលដៅបរិស្ថានជាតិ និងការបេ្តជ្ញាចិត្តជាសកលក្នុងវិស័យថាមពលនេះ គឺ សមាមាត្រនៃអនុភាពនៃប្រភពថាមពលកកើតឡើងវិញ ទៅក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា នឹងមានចំនួនប្រមាណ ៥៩% ហើយអាំងតង់ស៊ីតេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងផែនការថ្មី ធៀបនឹងសេណារីយ៉ូចាស់តាមទម្លាប់ ដែលកម្ពុជាធ្វើការអភិវឌ្ឍពីមុន នឹងបន្ថយចំនួន៣៤% ធៀបទៅនឹងការអភិវឌ្ឍតាមទម្លាប់ចាស់។
កម្ពុជាបានចូលរួមចំណែកយ៉ាងច្រើនរួចមកហើយ ក្នុងការផលិតថាមពលអគ្គិសនីពីថាមពលកកើតឡើងវិញ ហើយបេ្តជ្ញាចិត្តបន្តទៀត ក្នុងការផលិតថាមពលអគ្គិសនី ពីថាមពលកកើតឡើងវិញ ឱ្យបានយ៉ាងតិច២៥% ក្នុងល្បាយថាមពលនៅឆ្នាំ២០៣០។ កម្ពុជាក៏នឹងបន្តជំរុញនិងលើកកម្ពស់បន្ថែមលើការកែច្នៃគម្រោងមុនៗ ដែលប្រើឥន្ធនៈហ្វូស៊ីល ឱ្យមានលក្ខណៈស្អាតជាងមុន ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗផងដែរ៕







