ដោយៈម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកគុណ ញឹមបានលើកឡើងថា ជាគោលនយោបាយ ការហាមប្រាមការនាំចូលនូវរថយន្ត ដែលប្រើពីក្រៅប្រទេស ពោលរថយន្តមួយទឹក គឺមិនទាន់មានការណែនាំទេ។
ប៉ុន្តែរដ្ឋាភិបាលបានគិតគូរជាជំហានបណ្តើរៗ និងមិនលើកទឹកចិត្តឲ្យនាំចូលរថយន្តប្រើរួច ជាពិសេសរថយន្តដែលចាស់មែនទែន (ស៊េរីទាប)ដើម្បីចរាចរណ៍លក់នៅកម្ពុជានោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូលលើយន្តយន្តគ្មានពន្ធ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១កន្លងទៅ លោកបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ការគិតពន្ធគយលើរថយន្តចាស់ៗ ធ្វើឡើងដោយយោងទៅលើតារាង អនុវត្តសម្រាប់ថយន្តនាំចូល ដែលយើងមានតារាងសម្រាប់ពិចារណាលើរថយន្តនាំចូល។
លោកបានឲ្យដឹងថា “ស៊េរីរថយន្តចាស់ គឺត្រូវតែដាក់បន្ទុកច្រើនកុំឲ្យនាំចូលកញ្ចាស់ៗពេក ដែលនៅស្រុកគេ គេបោះចោលហើយ យើងយកមកកែច្នៃដើម្បីប្រើប្រាស់ ដែលយុទ្ធសាស្រ្តអ្នកទិញឃើញតម្លៃជាកត្តាសម្រេចចិត្ត ប៉ុន្តែគាត់អត់នឹកឃើញថារថយន្តចាស់ធូរមែន”។លោកបន្តថា “ប៉ុន្តែពេលប្រើប្រាស់វានឹងខូចច្រើន សាំងក៏ស៊ី ជួសជុលក៏ច្រើន រួចហើយសមត្ថភាពក៏មិនធានាដូចគ្នា ដែលកត្តាទំាងអស់នេះហើយ រដ្ឋមិនលើកទឹកចិត្តឲ្យប្រើប្រាស់រថយន្តចាស់ ដើម្បីឲ្យទីផ្សាររថយន្តចាស់ៗកាន់តែរួមទៅតូចទៅៗ ហើយរថយន្តថ្មីៗឲ្យវាជំនួសវិញទៅ”។
លោកបន្តទៀតថា និយាយជាគោលនយោបាយ គឺមិនទាន់មានការណែនាំហាមឃាត់ការនាំចូលនូវរថយន្តប្រើរួចដែរ ប៉ុន្តែយើងគិតគូរជាជំហានបណ្តើរៗនិងមិនលើកទឹកចិត្តឲ្យនាំចូលរថយន្តប្រើរួច ជាពិសេសរថយន្តដែលចាស់មែនទែន(ស៊េរី១៩៩៥…)។
ពាក់ព័ន្ធបញ្ហានេះ លោក ងន សាំង អ្នកជំនាញក្នុងវិស័យនាំចូលនិងលក់រថយន្តនៅកម្ពុជាបានឲ្យដឹងថា បើទោះស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ចំពោះទីផ្សាររថយន្តថ្មីនៅកម្ពុជា គឺមានការកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់៣០ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកឲ្យដឹងទៀតថា “ការកើនឡើងចំណែកទីផ្សារថយន្តថ្មីមួយផ្នែក គឺដោយសារតែការបន្ធូបន្ថយអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួនចាប់ពី១០ ទៅ២០ភាគរយ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ”។ លោកបន្តថា “ការបន្ថយអត្រាអាករពិសេសនេះ បានជួយដល់ទីផ្សាររថយន្តថ្មីនៅកម្ពុជា ពីព្រោះតម្លៃរថយន្តថ្មីបានធ្លាក់ចុះខ្លះ ធ្វើឱ្យតម្លៃប្រហាក់ប្រហែលរថយន្តមួយទឹក”។
លោកបន្ថែមថា ម្យ៉ាងទៀត ដោយសារតែប្រជាពលរដ្ឋ យល់ដឹងច្រើនពីសារៈប្រយោជន៍នៃរថយន្តថ្មី ដែលស៊ីប្រេងតិច ហើយការថែទាំក៏ចំណាយថវិការតិចជាងរថយន្តមួយទឹក៕







