ដោយ:ម៉ាលីស
ភ្នំពេញ៖ អាជីវកម្មមិនខុសពីមនុស្សនោះទេ ចាំបាច់ត្រូវការដាក់ឈ្មោះដើម្បីសម្គាល់ងាយស្រួលហៅ ហើយឈ្មោះសម្រាប់អាជីវកម្មទៀតសោត គឺដើរតួយ៉ាងសំខាន់ក្នុងការទាក់ចិត្តមនុស្សទូទៅនឹងទទួលបានការឲ្យតម្លៃលើស្លាកយីហោនេះឯង។ គន្លឹះទាំង៥ខាងក្រោមអាចជួយឱ្យអ្នកដាក់ឈ្មោះអាជីវកម្មឱ្យបានត្រឹមត្រូវនិងមានឥទ្ធិពលបំផុត៖
១. ខ្លីតែមានន័យ៖ ឈ្មោះអាជីវកម្មដែលវិញពិបាកអាន ក៏ពិបាកចំណាំដែរឈ្មោះអាជីវកម្ម ឬក្រុមហ៊ុនគប្បីខ្លី មិនលើសពី៣ពាក្យហើយមានន័យ ដែលអាចទាក់ចិត្តមនុស្សទូទៅបានទើបជាយីហោដែលល្អ។
២. កំប្លែងនិងងាយចាំ៖ អ្នកអាចធ្វើឲ្យអតិថិជនរបស់អ្នកបញ្ចេញស្នាមញញឹមតាំងពីមិនទាន់បានទទួលយកសេវាកម្ម ឬភ្លក់រសជាតិនៃផលិតផលរបស់អ្នក ដោយការដាក់ឈ្មោះ ដែលទាក់ទាញងាយចងចាំ និងគួរឲ្យចង់សើច តួយ៉ាងណាយីហោដែលឈ្មោះថា អាលីបាបា (Alibaba), លីលី (នំស្រួយ), Apple និង Yahoo ជាដើម។
៣. ប្រើពាក្យថ្មី ប្លែក ឬអក្សរកាត់ (Unique Name)៖ ការប្រើប្រាស់ពាក្យថ្មីប្លែកក៏ជាភាពទាក់ទាញមួយដែរ បើទោះបីជាវាថ្មីប្លែក និងមិនធ្លាប់បានលឺពីមុនមកក៏ដោយ ក៏វាអាចធ្វើឲ្យគេមានភាពងឿងឆ្ងល់ ចង់ស្គាល់និងចង់ដឹងណាស់ដែរ។ ឧទាហរណ៍៖ Brown Coffee, Google, KOI, Starbucks, Amazon ជាដើម។
៤. ចៀសវាងការយកឈ្មោះខ្លួនឯងធ្វើជាយីហោ៖ ការប្រើប្រាស់ឈ្មោះខ្លួនឯងធ្វើជាយីហោហាក់ដូចជាមិនសូវសមប៉ុន្មានទេ។ ជាទូទៅយើងសង្កេតឃើញមានហាងមួយចំនួន ដូចជាហាងបាយ ហាងកាត់សំលៀកបំពាក់ សំអាងការជាដើម ច្រើនដាក់ឈ្មោះខ្លួន ដើម្បីកុំឱ្យគេមានការយល់ច្រឡំ តែជាលទ្ធផលរឿងនេះនៅតែកើតមានដដែលហើយវាហាក់សាមញ្ញនិងធម្មតាពេក ដោយសារវាគ្រាន់តែជាឈ្មោះធម្មតាមួយប៉ុណ្ណោះ។
៥. ធ្វើតេស្តឈ្មោះយីហោរបស់អ្នក៖ ក្រោយពីជ្រើសរើសឈ្មោះបាន៤ទៅ៥ឈ្មោះ ហើយអ្នកគប្បីធ្វើតេស្តឈ្មោះទាំងនោះសាកល្បងដើម្បីឱ្យដឹងថា តើឈ្មោះមួយណាគួរឲ្យចាប់អារម្មណ៍ជាងគេ ហើយតើមួយណាគេចូលចិត្តជាងគេ ដែលអោយមនុស្សជុំវិញខ្លួនជាអ្នកមានតម្លៃ។ លើសពីនេះទៅទៀត អ្នកក៏ត្រូវធ្វើឱ្យប្រាកដថាឈ្មោះយីហោនេះវានៅទំនេរ ដែលអាចឲ្យអ្នកចុះបញ្ជីពាណិជ្ជសញ្ញា(Trademark)បាន ដោយការចុះឈ្មោះនេះធ្វើឡើងតែម្ដងប៉ុណ្ណោះ ប្រើប្រាស់បានរហូតដោយមិនកំណត់រយៈពេល៕







