១០ចំណុចគួរយល់ដឹងមុនពេលដាក់ស្នើយកប្រាក់កម្ចីពីធនាគារ

នៅពេលដែលយើងត្រូវការអ្វីមួយ តែមានបញ្ហាថវិការមិនគ្រប់ គ្រប់គ្នាតែងតែសម្លឹងរមើលកម្ចី។ ប្រសិនបើយើងស្នើកម្ចីមក គ្រាន់តែដើម្បីទិញរបស់អួតសំញែងគ្នា ឬ យកទៅដើរលេងកម្សាន្តនាពេលពេលវិសមកាល លោកអ្នកគួរតែទៅបើកគណនីសន្សំ ដែលមានអត្រាការប្រាក់ខ្ពស់វិញល្អជាង ក៏ប៉ុន្តែប្រសិនបើលោកអ្នកខ្ចីយកមកទិញ/រំលោះផ្ទះថ្មី ដីមួយដុំណាមួយ ឬ ពង្រីកមុខរបររបស់លោកអ្នក នោះវាជារឿងមួយផ្សេង។ ខាងក្រោមនេះជា១០ចំណុចសំខាន់ៗ ដែលអ្នកគួរយល់ដឹងមុនពេលដាក់ស្នើយកប្រាក់កម្ចីពីធនាគារ៖

១. ទំហំកម្ចី៖ ជាទូទៅ ស្ថាប័នផ្តល់កម្ចីគឺជាអ្នកកំណត់ពីចំនួនអតិបរមា និងអប្បរមានៃប្រាក់កម្ចី ហើយចំនួនប្រាក់កម្ចីនេះទៀតសោតក៏ត្រូវបានកំណត់ ដោយអាស្រ័យលើប្រវត្តិឥណទានរបស់យើងផងដែរ ។
លោកអ្នកត្រូវសួរខ្លួនឯងថាតើយើង ចង់បានវាយកទៅធ្វើអ្វី។ ការខ្ចីប្រាក់ច្រើនលើសពីតម្រូវការ វានឹងធ្វើអោយលោកអ្នកខាតបង់ប្រាក់ដោយឥតប្រយោជន៍ ដូច្នេះដើម្បីគណនាចំនួនកម្ចីដែលត្រូវការ លោកអ្នកគប្បីបូកសរុបទឹកប្រាក់ដែលត្រូវការទាំងអស់បញ្ចូលគ្នា នោះលោកអ្នកនឹងឃើញនូវចំនួនប្រាក់កម្ចីសរុបមួយដែលលោកអ្នកត្រូវការពិតប្រាកដ។
២. រយៈពេលរង់ចាំ ដើម្បីទទួលបានការអនុម័តកម្ចី៖ រយៈពេលនៃការអនុម័តកម្ចី វាអាស្រ័យទៅលើចំនួនប្រាក់កម្ចី ប្រភេទនៃផលិតផលកម្ចី និង ការរៀបចំឯកសារនៅពេលដាក់ពាក្យស្នើរសុំ ។ វាត្រូវការពេលខ្លះក្នុងការរង់ចាំ កម្ចីខ្លះទទួលបានការអនុម័តក្នុងរយៈពេលត្រឹមតែ ៤៨ ម៉ោងប៉ុណ្ណោះ ប៉ុន្តែកម្ចីមួយចំនួនទៀត ដូចជាកម្ចីទិញផ្ទះជាដើម រយៈពលេអនុម័ត អាចឈានរហូតដល់ ១ ទៅ ៣ សប្តាហ៍។ ដូច្នេះពេលលោកអ្នកខ្ចីប្រាក់ បើអាចគួរគិតគូពីរយៈពេលនៃការអនុម័ត មើលតាមប្រភេទកម្ចីដែលលោកអ្នកស្នើសុំ។
៣. កម្រិតពិន្ទុនៃប្រវត្តិឥណទាន៖ កម្រិតពិន្ទុនៃប្រវត្តិឥណទានរបស់លោកអ្នក គឺជាកត្តាសំខាន់មួយដែលស្ថាប័នផ្តល់ប្រាក់កម្ចី យកមកពិចារណា ថាតើគួរផ្តល់កម្ចីដល់លោកអ្នកដែរឬទេ? ប្រវត្តិឥណទានរបស់លោកអ្នក បានឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវក្នុងការបង់សងប្រាក់កម្ចី ។ រាល់ការបង់សងប្រាក់កម្ចីរបស់លោកអ្នក ត្រូវបានកត់ត្រាចូលទៅក្នុង ប្រព័ន្ធការិយាល័យឥណទានកម្ពុជា (CBC) មិនថាបង់មុន បង់ទាន់ពេល ឬ យឺតក៏ដោយ។ ប្រសិនបើអាចសូមឆែក មើលប្រវត្តិឥណទានលោកអ្នកជាមុន មុនពេលស្នើរសុំ។ ក្នុងករណីលោកអ្នករកឃើញថាព័ត៌មានលើប្រវត្តិឥណទាននោះមិនត្រឹមត្រូវ នាំអោយខូចប្រវត្តិឥណទាន លោកអ្នកអាចធ្វើការតវ៉ាអោយមានការកែប្រែឡើងវិញស្របទៅតាមការពិតជាក់ស្តែង ។
៤. អត្រាការប្រាក់នៃកម្ចី៖ ការកំណត់អត្រាការប្រាក់គឺផ្អែកទៅលើកម្រិតពិន្ទុនៃប្រវត្តិឥណទាន បូករួមកត្តាផ្សេងៗទៀត ។ អត្រាការប្រាក់ ជាចំណុចគោលមួយក្នុងការសម្រេចចិត្តមុនពេលទទួលយកកម្ចីណាមួយ។ គួរគិតថាការប្រាក់ គឺជាការចំណាយ ហើយវានឹងត្រូវបូកបញ្ចូលទៅក្នុងចំនួនប្រាក់បង់សងប្រចាំខែរបស់លោកអ្នក។ គប្បីត្រូវដឹងអោយច្បាស់ពីចំនួនការប្រាក់សរុបដែលលោកអ្នកត្រូវបង់ធៀបជាមួយប្រាក់ដើម មុនពេលលោកអ្នកចុះហត្ថលេខាទៅលើកិច្ចសន្យាខ្ចីប្រាក់ ។
៥. ដំណើរការការបង់សងត្រឡប់៖ កាលវិភាគបង់សងភាគច្រើន គឺបង់ជាប្រចាំខែ ។ ការបង់សងនេះអាចធ្វើអោយមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នក។ សួរថា តើយើងអាចកំណត់ចំនួនណាមួយសម្រាប់បង់សង ដើម្បីកុំអោយលើសពីសមត្ថភាពបង់សងរបស់យើងបានដែរឬទេ? ចំនួនបង់សងវាគឺអាស្រ័យទៅលើ ចំនួនកម្ចី អត្រាការប្រាក់ និងរយៈពេលកម្ចីរបស់អ្នក។ ចំនួនបង់សងប្រចាំខែរបស់លោកអ្នកមិនគួរអោយលើសពី 40-50% នៃចំណូលសុទ្ធប្រចាំខែនោះទេ។ គប្បីដឹងច្បាស់ពីកាលបរិច្ឆេទផុតកំណត់ និងចាប់ផ្តើមនៃការបង់សងរបស់លោកអ្នក។ មួយវិញទៀតគួរសួរទៅស្ថាប័នផ្តល់កម្ចីថា តើមានការពិន័យអ្វីខ្លះ ទៅលើការបង់សងយឺត ឬការបង់ផ្តាច់ មុនកាលកំណត់។
៦. រយៈពេលកម្ចី៖ វាជាការសំខាន់ណាស់សម្រាប់ការសម្រេចចិត្តជ្រើសរើសរយៈពេលកម្ចី ថាតើវាអាចផ្តល់ផលល្អដល់លោកអ្ន់លោក់ផលល្រយះកអ្នកមិនគួរអោយលើសពនឹងនៅពេលខាងមុខដែរឬទេ? ប្រសិនបើអ្នកអាចរ៉ាប់រងការបង់សងច្រើនប្រចាំខែបាន អ្នកគួរជ្រើសរើសយករយៈពេលខ្លី។ ផ្ទុយទៅវិញបើអ្នកយករយៈពេលវែង វាអាចនឹង មានការបង់សងមកវិញតិចតួច ដែលអ្នកអាចងាយ ក្នុងការបង់បាន។
៧. ការបង់ថ្លៃសេវាផ្សេងៗ៖ ស្ថាប័នផ្តល់កម្ចីតែងរួមបញ្ចូលតម្លៃសេវាផ្សេងៗ ជាមួយនឹងប្រាក់កម្ចី ដែលថ្លៃសេវាទាំងនោះ ជាទូទៅត្រូវបានគិតជាភាគរយធៀបនឹងចំនួនប្រាក់កម្ចីសរុបដែលបានអនុម័ត ។ ស្ថាប័នខ្លះបានហៅសេវានោះថា សេវារដ្ឋបាល ។ ក្រៅពីសេវានេះហើយ តើមានថ្លៃសេវាណាផ្សេងទៀតទេ ដែលធនាគារមិនបានបង្ហាញជូន? ត្រូវរួមបញ្ចូលនូវថ្លៃសេវាទាំងអស់ ហើយពិនិត្យមើលថាតើវាសក្តិសមសម្រាប់កម្ចីមួយនេះទេ?
៨. អ្នកធានា៖ ស្ថាប័នផ្តល់កម្ចីខ្លះតម្រូវអោយមានអ្នកធានាលើកម្ចី ទើបអនុម័តលើកម្ចី។ ក្នុងករណី មានរឿងអ្វីកើតឡើង ដែលលោកអ្នកមិនមានលទ្ធភាពបង់សង នោះអ្នកធានា នឹងទទួលខុសត្រូវបង់សងជំនួសលោកអ្នក។

៩. អ្នកចូលរួមកម្ចី៖ វាប្រហែលជាឱកាសមួយដ៏ល្អសម្រាប់អ្នកចង់ទិញផ្ទះថ្មី ប៉ុន្តែចំណូលរបស់លោកអ្នកអាចពុំគ្រប់គ្រាន់ ដើម្បីទទួលបានកម្ចីទៅតាមចំនួនដែលលោកអ្នកបានគ្រងទុកពីមុន។ តើស្ថាប័នផ្តល់កម្ចីអនុញ្ញាតអោយសមាជិកក្រុមគ្រួសារចូលរួមខ្ចី ដើម្បីទទួលខុសត្រូវក្នុងការបង់សងកម្ចីដែរឬទេ? ដែលជាទូទៅ យើងហៅថាអ្នករួមខ្ចី។ ត្រូវចាំថាអ្នករួមខ្ចី តម្រូវអោយមានចំណូលដែលស្ថិតស្ថេរ អាចរ៉ាប់រងក្នុងការបង់សងកម្ចីទៅតាមចំណែកដែលខ្លួនទទួលខុសត្រូវ។
១០. តើអាចទុកចិត្តស្ថាប័នផ្តល់កម្ចីនេះឬទេ?
យើងគួរតែសិក្សាស្វែងយល់ពី ប្រវត្តិ និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នផ្តល់កម្ចី តាមរយៈការចូលមើល ក្នុងគេហទំព័រ ឬលើបណ្តាញព័ត៌មានសង្គមនានា ។ តើស្ថាប័ននោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិ កម្ពុជាឬទេ? ស្ថាប័នហិរញ្ញវត្ថុ ដែលមានគោលការណ៍ច្បាស់លាស់ នឹងផ្តល់ជូនកម្ចីដែល មានស្តង់ដារ និងគុណភាពខ្ពស់។ ហើយស្ថាប័នមួយចំនួនខ្លះទៀត បានផ្តល់ជូនរយៈពេលអនុគ្រោះ ដល់អតិថិជន នៅពេលលោកអ្នកប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុរយៈពេលខ្លីទៀតផង៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here