សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា នឹងផ្តល់ការគាំទ្រដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ ពេលកម្ពុជាជាប្រធានអាស៊ានឆ្នាំក្រោយ

ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់អះអាងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជានឹងផ្តល់ការគាំទ្រ និងជួយសម្រួលគ្រប់បែបយ៉ាង ដល់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ក្រោមប្រធានបទ «កសាង អនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង» តាមប្រព័ន្ធវីដេអូថតទុកមុន នៅរសៀលថ្ងៃទី២៥ ខែតុលា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ការធ្វើពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ សំដៅស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ ដែលមានសុខសន្តិភាព ភាពធន់ និងការអភិវឌ្ឍ។ សម្តេចតេជោសង្កត់ធ្ងន់ថា វិបត្តិកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈ និងបង្កគ្រោះថ្នាក់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងបង្អាក់ដល់ការអភិវឌ្ឍអាស៊ានជារួមផងដែរ។ ទោះយ៉ាងណា ឆ្នាំ២០២១ និង២០២២ សេដ្ឋកិច្ចសាកល ត្រូវគេរំពឹងថា នឹងងើបឡើងវិញជាបណ្តើរៗ។
សម្រាប់សម្តេច ការពន្លឿនការធ្វើសមាហរណកម្មតំបន់ និងសកល ជាកិច្ចការអាទិភាពបំផុតមួយ ក្នុងការជំរុញការស្តារ និងជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកប ដោយចីរភាព ។ ជាមួយគ្នានេះអាស៊ាន ត្រូវប្រកាន់ខ្ជាប់អភិក្រមពហុភាគីនិយម ពង្រឹងសកលភាវូបនីយកម្ម និងខិតខំជំរុញការសម្រេចបាននូវរបៀបវារៈ នៃការធ្វើសមហរណកម្មតំបន់ ក្រោមចក្ខុវិស័យអាស៊ាន ២០២៥ ដើម្បីពង្រឹងការតភ្ជាប់ឱ្យកាន់តែស្អិតរមួតរវាងសរសៃឈាមសង្គម និងសេដ្ឋកិច្ច។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវអភិក្រមនៃការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញ និងជំរុញការអនុវត្តគោលនយោបាយ និងវិធានការសំខាន់ៗ រួមមាន ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងច្បាប់ស្តីពីវិនិយោគថ្មី ព្រមជាមួយនឹងការបញ្ចប់នូវច្បាប់ស្តីពីភាពជាដៃគូ រវាងរដ្ឋ និងឯកជន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជាកូរ៉េ ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here