ដោយ៖ សុផារី
ភ្នំពេញ៖ ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩ បណ្ដាញសង្គមបានក្លាយជាឧបករណ៍ជំរុញផ្នែកលក់ថ្មីមួយ ដែលអាចជួយបង្កើនការលក់របស់អាជីវកម្មគ្រប់ទម្រង់ដោយមានអ្នកខ្លះជោគជ័យជាមួយនឹងការលក់បែបថ្មីនេះ ហើយក៏មានអ្នកខ្លះមានការបរាជ័យ ឬមិនសូវកាក់កបដូចគ្នា។ បញ្ហានោះ ពេលខ្លះអាចបណ្ដាលមកពីកង្វះខាតនៃការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារនៃការលក់នៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ ជាយុទ្ធសាស្រ្ដទីផ្សារនៃការលក់ 6Cs ដែលម្ចាស់អាជីវកម្មតាមអនឡាញអាចធ្វើការស្វែងយល់ និង អនុវត្តបាន៖
១. ផ្សារភ្ជាប់ទៅនឹងអតិថិជន (Connect)
ជ្រើសរើសនូវបណ្ដាញសង្គមមួយណា ដែលត្រូវជាមួយនឹងអតិថិជនគោលដៅរបស់អ្នក ដើម្បីងាយស្រួលនៅក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ដោយធ្វើការសិក្សាជាមុន អំពីចំណង់ចំណូលចិត្តរបស់អតិថិជនគោលដៅទាំងនោះ។ បន្ទាប់មកមានការបង្កើតនូវផេក (Page) ឬ ឆាណេល Channel ដើម្បីធ្វើការដាក់លក់ផលិតផល និងងាយស្រួលនៅក្នុងការផ្ដល់ដំណឹងទៅកាន់អតិថិជន។
២. បង្កើតទំនាក់ទំនង (Communicate)
នៅត្រង់ចំណុចនេះ គឺអ្នកត្រូវចាប់ផ្ដើមពីការបង្ហាញឲ្យគេស្គាល់ពីផលិតផល សេវាកម្ម ម៉ាកយីហោអ្វី មកពីណា មានគោលបំណងបែបណា ដើម្បីឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត អាចកំណត់សម្គាល់ពីអត្ដសញ្ញាណអាជីវកម្មរបស់អ្នក និងស្គាល់ពីផលិតផលរបស់អ្នក ថាអាចដោះស្រាយបញ្ហាអ្វីដល់ពួកគេ។ ឧទាហរណ៍ អ្នកលក់បន្លែធម្មជាតិ នោះពេលមានអ្នកចង់ញំាបន្លែធម្មជាតិ គេនឹងនឹកឃើញដល់អ្នក។
៣. រក្សាទំនាក់ទំនង (Community)
ការរក្សាទំនាក់ទំនងលក្ខណសហគមន៍នៅក្នុងវិស័យអនឡាញ គឺការរក្សានូវទំនាក់ទំនងល្អជាមួយនឹងអតិថិជនទាំងចាស់ទាំងថ្មី ដើម្បីកុំឲ្យមានកេរ្ដិ៍ឈ្មោះមិនល្អ ដោយប្រើប្រាស់នូវវីធីសាស្រ្ដមួយគឺ ការជួយដោះស្រាយនូវបញ្ហារបស់អតិថិជន ការប្រាស្រ័យទាក់ទង និងបង្កើតនូវការជជែកមួយដែលល្អ ដើម្បីផ្សព្វផ្សាយពីភាពល្អរបស់អ្នក តាមរយៈការយកចិត្តទុកដាក់ជាមួយអតិថិជន។
៤. បង្កើតអត្ថបទខ្លីពណ៌នាពីផលិតផល (Compelling Content)
ចំពោះការលក់ផលិតផលតាមអនឡាញកត្តាសំខាន់បំផុត គឺការផ្ដល់នូវព័ត៌មានអំពីផលិតផលដែលអ្នកមាន ដោយមានការបង្ហោះរូបជាមួយនឹងសារមួយចំនួន ឬអត្ថបទខ្លីពណ៌នាពីផលិតផលនោះ ដោយជៀសវាងការបង្ហោះតែរូបមួយមុខ ដោយអ្នកទិញមិនយល់ និងមិនអាចទាក់ទាញចិត្តពួកគេបាន។
៥. អត្ថបទត្រូវតែជាក់លាក់ (Consistency)
ការសរសេរនូវអត្ថបទខ្លីនោះទៀតសោត ត្រូវតែផ្ដល់នូវព័ត៌មានជាក់លាក់ ត្រឹមត្រូវ ជាក់ស្ដែង ទាក់ទាញ និងមានទំនុកចិត្ត ដើម្បីឲ្យអ្នកដែលបានឃើញរូប និងសារបង្ហោះនោះហើយចាប់អារម្មណ៍ចង់ទិញផលិតផលរបស់អ្នក។ ដូចនេះ ការសរសេរអត្ថបទសម្រាប់បង្ហោះជាមួយរូប ដែលស្អាតនឹងទាក់ទាញ ពិតជាមានសារៈសំខាន់ណាស់។
៦. ធ្វើការពង្រីកទីផ្សារ (Commerce)
នៅពេលអ្នកមានអតិថិជនខ្លះៗហើយ អ្នកចាប់ផ្ដើមធ្វើទីផ្សារតាមរយៈការ ប៊ូត (Boost) ការលេងហ្គេម ដើម្បីបង្កើនចំនួនអ្នកស្គាល់ អ្នក Follow និង Like ផេករបស់អ្នក។ នៅក្នុងការ ប៊ូត (Boost) នោះក៏អាចកំណត់នូវអ្នកប្រើប្រាស់គោលដៅ ដែលមានអាយុ ភេទ និងទីតាំងរស់នៅផ្សេងៗ ដើម្បីឲ្យអ្នកអាចធ្វើទីផ្សារចំគោលដៅបានជាក់លាក់។
សរុបមក បើទោះបីជាអ្នកធ្វើទីផ្សារអនឡាញក៏ដោយ ក៏អ្នកគួរតែមានការអនុវត្ដនូវយុទ្ធសាស្រ្ដទីផ្សារមួយចំនួន ដើម្បីឲ្យអាជីវកម្មរបស់អ្នកឆាប់ទៅដល់អតិថិជន និងមានអ្នកគាំទ្រច្រើន៕







