ដោយ៖ លក្ខិណា
ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបានឡើងថ្លៃជាបន្តបន្ទាប់ដែលមានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែសមាគមអ្នកដឹកជញ្ជូននៅកម្ពុជារំពឹងថាតម្លៃប្រេងឥន្ធនៈនេះនឹងធ្លាក់ចុះវិញជាក់ជាមិនខានឡើយ ។
លោកឧកញ៉ាស៊ិន ចន្ធីប្រធានសមាគមភស្តុភារកម្មកម្ពុជាបានមានប្រសាសន៍នៅក្នុងវេទិកាមួយកាលពីរសៀលថ្ងៃទី២១តុលា២០២១នេះឱ្យដឹងថា បើទោះបីជាតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ក្ដី តែខាងសមាជិកនៃសមាគមអ្នកដឹកជញ្ជូន មិនមានការឡើងថ្លៃតម្លៃដឹកជញ្ជូននោះដែរ ហើយសមាគមក៏បានតាមដាននិងណែនាំដល់សមាជិកមិនឱ្យមានការឡើងថ្លៃដែរ ។
លោកបន្តថា យើងជឿជាក់ថាតម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងធ្លាក់ចុះវិញនៅពេលខាងមុខជាក់ជាមិនខាន ពីព្រោះយើងបានដឹងថាទីផ្សារមួយនេះ វាមានឡើងមានចុះ ហើយមិនឡើងដល់រាប់ឆ្នាំដែរ ដូច្នេះវានឹងចុះវិញហើយអាចនឹងឡើងវិញផងដែរ ។ កាលពីមុនឆ្នាំតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ និងធ្វើឱ្យទីផ្សារប្រេងឥន្ធនៈនៅកម្ពុជាក៏បានធ្លាក់ចុះដូចគ្នា ។ ប៉ុន្តែឆ្នាំនេះទីផ្សារប្រេងពិភពលោកឡើងថ្លៃ ក៏បានធ្វើឱ្យទីផ្សារប្រេងឥន្ធនៈនៅកម្ពុជាឡើងថ្លៃដូចគ្នា ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោកប៉ែន សុវិជាតិក៏បានលើកឡើងផងដែរថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាគឺអាស្រ័យទៅលើទីផ្សារប្រេងអន្តរជាតិ ពីព្រោះកម្ពុជាជាប្រទេសនាំចូលប្រេង ដូច្នេះបើប្រេងអន្តរជាតិឡើង ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជាក៏ឡើងដូចគ្នា ។ ប៉ុន្តែដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជារដ្ឋាភិបាលក៏បានបន្ធូរបន្ថយនិងបញ្ចុះតម្លៃប្រេងទៅតាមលទ្ធភាពផងដែរ ។
លោកបន្តថា តម្រូវការប្រេងមានការកើនឡើងដោយសារតែមានបើកការធ្វើដំណើរឡើងវិញ នៅតាមបណ្ដាប្រទេសនីមួយៗ ។ ជាក់ស្ដែងដូចជា កម្ពុជាជាប្រទេសនៅក្នុងតំបន់អភិវឌ្ឍន៍ មានរោងចក្រ សហគ្រាស នៅតែបើកដំណើរការជាដើម ។ កម្ពុជាកំពុងតែពិនិត្យពិចារណា លើលទ្ធភាពជាក់ស្ដែង ក្នុងករណីមានកំណើនខ្ពស់តទៅទៀត ក៏ប៉ុន្ដែមិនហ៊ានសន្យាថា តម្លៃប្រេងអាចនឹងត្រូវកំណត់បាន ទៅតាមរបៀបណាឡើយ។
លោកក៏រំពឹងទុកថា អង្គការ OPEC នឹងបង្កើនផលិតកម្ម ហើយតម្លៃប្រេងអន្ដរជាតិ និងមានការធ្លាក់ចុះមកវិញ ។ កម្ពុជានឹងខិតខំរក្សាយ៉ាងណា ឲ្យមានការនាំចូលស្ដុបប្រេង សម្រាប់ប្រើប្រាស់ក្នុងទីផ្សារ ឆ្លើយតបនឹងតម្រូវការឱ្យប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ ។
ទីផ្សារប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារប្រទេសកម្ពុជាដែលកំណត់ដោយក្រសួងបី រួមមានក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្មកម្ពុជាសម្រាប់ពីថ្ងៃទី១៦ ដល់ដំណាច់ខែតុលា២០២១ រួមមានប្រេងសាំងធម្មតាតម្លៃ លក់រាយ៤៣០០រៀលក្នុងមួយលីត្រ ប្រេងម៉ាស៊ូតលក់រាយតម្លៃ ៤០០០រៀលក្នុងមួយលីត្រ ហើយប្រេងសាំងស៊ុបពែរដែលមិនស្ថិតក្រោមការកំណត់របស់ក្រសួងមានតម្លៃរហូតដល់៤៨៥០រៀលក្នុងមួយលីត្រផងដែរ៕







