ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ វិស័យកាត់ដេរកម្ពុជានៅតែសម្រេចបានវឌ្ឍនៈភាព ខណៈការនាំចេញផលិតផលកាត់ដេរ សម្រេចបានទឹកប្រាក់៨២៤១លានដុល្លារអាមេរិក កើនឡើង១១,៤ភាគររយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញនូវតួលេខ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ កើនឡើងគួរឲ្យកត់សំគាល់
របាយការណ៍ដដែលបានបន្តថា ការនាំចេញសម្រាប់ផលិផលកាត់ដេរ មានចំនួន ៨,២៤១.៧ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ៨៤៣.៤ លានដុល្លារអាមេរិក ឬស្មើនឹង១១.៤% ធៀបនឹងរយៈពេល៩ខែក្នុង ឆ្នាំ២០២០។
ការនាំចេញផលិតផលវិនិយោគ មិនមែនកាត់ដេរ ដូចជា កង់ គ្រឿងបំណែក អេឡិកត្រូនិក បង្គុំខ្សែភ្លើង និងគ្រឿងបន្លាស់រថយន្ត អំពូលលម្អផលិតផលឈើ ប្រណិត ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានចំនួនជាង៣,៣៧៩លានដុល្លារអាមេរិក កើនឡើងប្រមាណ១,១៤០លានដុល្លារអាមេរិក ឬប្រមាណ៥០.៩% ធៀបនឹងរយៈពេល៩ខែ នៃឆ្នាំ២០២០។
តួលេខកំណើននៃការនាំចេញ នៃផលិតផលវិនិយោគមិនមែនកាត់ដេរនេះ បានឆ្លុះបញ្ចាំងពីលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្ម មូលដ្ឋានវិស័យឧស្សាហកម្មនៅកម្ពុជា និងការវិលត្រលប់មករកភាពល្អប្រសើរនៃទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប៕







