ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បាននិយាយបានថា ការចាក់វ៉ាក់សាំងគឺជាគន្លឹះនៃការងើបឡើងវិញពីវិបត្តិ ខណៈលំហនៃការបន្តការប្រើប្រាស់នយោបាយគាំទ្រ និងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ គឺជាកម្លាំងចលករជំរុញល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ច។
ការលើកឡើងនេះត្រូវបានធ្វើនៅក្នុងកិច្ចប្រជុំតុមូល តាមរយៈប្រព័ន្ធអនឡាញរវាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអាស៊ាន ដែលមានការចូលរួមពីទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១។
លោកជា ចាន់តូ បានលើកឡើងថា ក្នុងវិបត្តិកូវីដ ១៩ IMF បានបង្កើនវិភាជន៍អេសដេអ៊ែ (SDR) សម្រាប់ពង្រឹងជំនឿចិត្ត និងបង្កើនលម្ហនៃការអនុវត្តនយោបាយសេដ្ឋកិច្ច។ លោកក៏បានឯកភាពលើការលើកឡើងរបស់លោកស្រី Kristalina Georgieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ និងថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុអាស៊ានថា ការចាក់វ៉ាក់សាំង គឺជាគន្លឹះនៃការងើបឡើងវិញពីវិបត្តិ ហើយលម្ហនៃការបន្តការប្រើប្រាស់នយោបាយគាំទ្រ និងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ គឺជាចលករកម្លាំងជំរុញល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ច។
លោកបានថ្លែងថា “រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនល្បឿន នៃការចាក់វ៉ាក់សាំង ដែលបច្ចុប្បន្នអត្រាប្រជាជន ទទួលបានវ៉ាក់សាំងមានប្រមាណ៨០ភាគរយ នៃប្រជាជនសរុប គឺខ្ពស់ជាងកម្រិតដែលមូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិកថា គួរសម្រេចការចាក់វ៉ាក់សាំងយ៉ាងហោចឱ្យបាន៤០ភាគរយ នៅត្រឹមចុងឆ្នាំ ២០២១ និង៧០ភាគរយនៅឆ្នាំ ២០២២ សម្រាប់គាំទ្រការងើបឡើងនៃសេដ្ឋកិច្ច”។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃការរាតត្បាតជំងឺកូវីដ១៩ មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា រដ្ឋាភិបាលបានបន្តបង្កើនការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រជាជនដែលមានអាយុចាប់ពីអាយុ៦ឆ្នាំឡើងទៅ និងផ្តល់ដូសជំរុញដល់ប្រជាជនអាយុចាប់ពី១៨ឆ្នាំ និងមនុស្សចាស់។
លោកបន្តថា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃការរាតត្បាតជំងឺកូវីដ ១៩ មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា រដ្ឋាភិបាលបានបន្តបង្កើនការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រជាជនដែលមានអាយុចាប់ពីអាយុ៦ឆ្នាំឡើងទៅ និងផ្តល់ដូសជំរុញដល់ប្រជាជនអាយុចាប់ពី១៨ឆ្នាំ និងមនុស្សចាស់់”៕







