មីយ៉ាន់ម៉ា កំពុងដុតដៃដុតជើងដើម្បីត្រៀមបើកប្រទេសស្វាគមន៍ភ្ញៀវទេសចរបរទេសនៅដើមឆ្នាំ២០២២

សុខុម

បាងកក: ប្រទេសមីយ៉ាន់ម៉ា នៅពេលនេះកំពុងដុតដៃដុតជើងបង្ហើយនីតិវិធីសម្រាប់ការបើកប្រទេសឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរសបរទេសនៅដើមឆ្នាំ២០២២ ហើយជាដំបូងនឹងផ្តោតជាសំខាន់លើភ្ញៀវទេសចរមកពីអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៨ តុលា នេះ។

លោក Htay Aung រដ្ឋមន្ត្រីទេសចរណ៍របស់មីយ៉ាន់ម៉ា ថ្លែងថា កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង នៅពេលករណីឆ្លងវីរុសកូវីដ-១៩ ថ្មីនៅក្នុងប្រទេសដែលមានចំនួន៥៥លាននាក់នេះថ្មីបានធ្លាក់ចុះ ដែលបានធ្វើឱ្យរដ្ឋាភិបាលសម្រេចលុបចោលបម្រាមធ្វើដំណើរឆ្លងខេត្តភ្លាមៗ។ លោក Htay Aung បញ្ជាក់ថា ការបន្ធូរបន្ថយនេះ និងថ្ងៃបុណ្យឈប់សម្រាកប្រពៃណីបានជំរុញឱ្យពលរដ្ឋមីយ៉ាន់ម៉ា ធ្វើដំណើរកម្សាន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងក្នុងបទសម្ភាសន៍ថា “យើងកំពុងត្រៀមរៀបចំកិច្ចព្រមព្រៀងចាំបាច់សម្រាប់បើកច្រករបៀងធ្វើដំណើរ (Travel Bubbles) ជាមួយប្រទេសថៃ ដើម្បីឱ្យយើងត្រៀមខ្លួនរួចជាស្រេចនៅពេលពួកគេទាក់ទងមកយើងតាមរយៈបណ្តាញផ្លូវការ។ យើងក៏មានបំណងបើកព្រំដែនឡើងវិញជាមួយប្រទេសកម្ពុជា ឡាវ វៀតណាម នៅត្រីមាសទី១ ដើមឆ្នាំ២០២២ ផងដែរ”។

លោកថ្លែងថា គោលដៅនៃការបើកព្រំដែននេះគឺដើម្បីឱ្យពលរដ្ឋថៃ អាចមកទស្សនាគោលដៅទេសចរណ៍ពេញនិយមនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសមីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់ប្រទេសចំនួន៥ គឺថៃ ចិន ឥណ្ឌា បង់ក្លាដែស និងឡាវ ហើយនៅតែហាមឃាត់ការហោះហើរពាណិជ្ជកម្មអន្តរជាតិ។

លោករំពឹងថា នៅក្នុងដំណាក់កាលដំបូងនៃការបើកព្រំដែនឡើងវិញនេះនឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣០០.០០០នាក់។ លោកបញ្ជាក់ថា ទោះបីជាសណ្ឋាគារ និងផ្ទះសំណាក់ពាក់កណ្តាលនៅក្នុងប្រទេសនេះត្រូវបានផ្អាកដំណើរការក្ដី ក៏មានបន្ទប់ទំនេរសម្រាប់ទទួលភ្ញៀវរហូតដល់ទៅប្រហែល៩០.០០០បន្ទប់។

ផ្អែកតាមរបាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា បានធ្លាក់ចុះ១៨,៤%ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រោយយោធាធ្វើរដ្ឋប្រហារដណ្ដើមគ្រប់គ្រងប្រទេសកាលពីខែកុម្ភៈ ដើមឆ្នាំនេះ។ ទោះជាយ៉ាងណា ធនាគារនេះមិនបានព្យាករសម្រាប់ឆ្នាំសារពើពន្ធ២០២២ នោះទេដោយសារ “ស្ថានភាពមិនប្រាកដប្រជា”។

យោងតាម World Travel & Tourism Council ដែលជាវេទិកាដើម្បីឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍បង្ហាញថា ទេសចរណ៍បានរួមចំណែកប្រមាណ៦%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់មីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩៕ Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here