ដោយ៖ ណែត
ភ្នំពេញ៖ អាជីវកម្មចាប់ផ្ដើមពីតូចទៅ គឺសំដៅដល់អាជីវកម្មដែលគ្រប់គ្រងដោយឯកជន ឬកម្មសិទ្ធមុខរបរណាមួយដែលបើកដំណើរការដោយមានបុគ្គលិកពីរទៅបីនាក់ ឬតិចជាងនេះ។ ជាធម្មតា អាជីវកម្មតូចៗត្រូវការដើមទុនដើម្បីពង្រីក ដោយសារអាជីករត្រូវការស្វែងរកមនុស្សបន្ថែម និងសម្រាប់ការចំណាយផ្សេងៗផងដែរ។ ម្ចាស់អាជីវកម្មអាចនឹងត្រូវទិញរបស់ដែលចាំបាច់ ទិញឧបករណ៍ ឬអាចពង្រីកកន្លែងរកស៊ីនៅពេលណាមួយ។ ចុះធ្វើដូចម្ដេចក្នុងការប្រមូលដើមទុនដើម្បីធ្វើរឿងនេះ?
ខាងក្រោមជាគន្លឹះ ៥ យ៉ាងដែលម្ចាស់អាជីវកម្មតូចៗគួរពិចារណា៖
១/ ដើមទុនពីប្រាក់ខែរបស់អ្នក
ម្ចាស់អាជីវកម្មខ្នាតតូចភាគច្រើនគឺចាប់ផ្ដើមដោយដើមទុនផ្ទាល់របស់ពួកគេ។ វាអាចជាប្រាក់សន្សំ ឬអាចជាចំណែកនៃប្រាក់ខែ ដែលពួកគេយកទៅចាប់ផ្ដើមដាក់ទុនរកស៊ី។ ប្រសិនបើអ្នកមានការងារក្រៅម៉ោង ឬកាន់គម្រោងផ្សេងៗ ជាជាងធ្វើការពេញម៉ោង អ្នកមិនត្រឹមតែអាចសន្សំលុយមួយមុខទេ អ្នកក៏អាចមានពេលគិតគូលើគម្រោងរកស៊ីដែរ។ ភាពបត់បែនបែបនោះគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការចាប់ផ្ដើមដំណើរបើកអាជីវកម្មដោយខ្លួនឯង។
២/ ជំនួយដើមទុនពីគ្រួសារ ឬមិត្តភក្តិ
អ្នកផ្ដើមគំនិតរកស៊ីអាចស្វែងរកដើមទុនពីគ្រួសារ ឬមិត្តភក្តិដែលសុខចិត្តហ៊ានប្រថុយផ្ដល់ដើមទុនដោយប្រើទ្រព្យសកម្មរបស់ពួកគេ (បញ្ចាំ ឬលក់ ដើម្បីយកដើមទុន) ប៉ុន្ដែវាក៏ផ្ដល់ផលប៉ះពាល់អវិជ្ជមានខ្លាំងក្នុងករណីដែលអាជីវកម្មដែលអ្នកផ្ដើមដំណើរការនោះបរាជ័យ ដែលគ្រួសារ និងមិត្តភក្តិរបស់អ្នកអាចប្រឈមមុខនឹងការជំពាក់បំណុលដែរ។
៣/ សេវាកម្មឈ្មួញកណ្ដាលក្នុងការរកស៊ីរបស់អ្នក
ថ្លៃដើមជាច្រើនអាចរកបាននៅពេលអ្នកលក់ផលិតផល (នៅពេលអ្នកធ្វើជាឈ្មួញកណ្ដាល)។ ការទិញលក់ឧបករណ៍ ឬផលិតផល អាចទាញយកប្រាក់កក់បានច្រើនគួរសម។ ម្យ៉ាងវិញទៀត ការផ្ដល់សេវាកម្មនេះអាចចំណេញប្រាក់ថ្លៃដើមតិចតួចបានភ្លាមៗនៃចំនួនប្រាក់កក់ទិញទំនិញទាំងមូល។ សហគ្រិនដែលឆ្លាតអាចចាប់យកឱកាសនេះប្រើប្រាស់ប្រាក់ចំណេញដែលរកបានទៅបង្វិលទុករកស៊ីរបរមួយទៀតបាន។
៤/ អ្នកចូលហ៊ុនជាមួយគ្នា
ទោះការរកអ្នកចូលហ៊ុនជាមួយគ្នាក្នុងការចាប់ផ្ដើមអាជីវកម្មចាត់ទុកថាជាវិធីចាស់កម្រិលបន្តិច ប៉ុន្ដែវាអាចទៅរួចក្នុងការរកជំនួយដើមទុនដើម្បីដំណើរការអាជីវកម្មរបស់អ្នក។ អ្នកចូលហ៊ុននោះអាចមាន
គោលបំណងលើសពីការបណ្ដាក់ទុន ដោយពួកគេនឹងព្យាយាមអភិវឌ្ឍអាជីវកម្មនោះ។ គេមានលុយ យើងមានគំនិត។ ដៃគូខ្លះអាចចូលលុយ ហើយយើងមានពេលជាអ្នកប្រតិបត្តិការងារហ្នឹងក៏បានដែរ។ ចូលហ៊ុនជាមួយគ្នាមិនប្រាកដថាត្រូវចូលលុយស្មើគ្នាទាំងពីរនាក់ទេ។
៥/ កម្ចីពីធនាគារ ឬកន្លែងផ្សេង
មានសេវាកម្មកម្ចីច្រើនណាស់សម្រាប់ផ្ដល់ជូនអាជីវកម្មខ្នាតតូច ដូចជា ធនាគារ កម្ចីឯកជន និងមីក្រូហិរញ្ញវត្ថុជាដើម។ សេវាកម្មកម្ចីទាំងនោះមានភាពខុសគ្នាៗ ដូច្នេះម្ចាស់អាជីវកម្មគួរសិក្សាឱ្យច្បាស់មុនសម្រេចចិត្តខ្ចីមកធ្វើដើមទុន ដោយរកកម្ចីណាដែលស្របច្បាប់ និងមានការអនុម័តត្រឹមត្រូវ ដើម្បីចៀសវាងចាញ់បោកក្នុងការបញ្ឆោត និងត្រូវមានកំណត់ត្រាលំហូរសាច់ប្រាក់ជាក់លាក់ សម្រាប់ទូទាត់សងប្រាក់កម្ចីនោះវិញនៅពេលក្រោយ។
ការបើកអាជីកម្មសុទ្ធតែអាចប្រឈមមុខនឹងគ្រោះថ្នាក់ដែលអាចកើតឡើងនៅពេលណាមួយទាំងអស់ មិនថាអាជីវកម្មនោះជាលក្ខណតូច កណ្ដាល ឬធំទេ។ មុនចាប់ផ្ដើមដំណើរការគម្រោងមុខរបរ ម្ចាស់អាជីវកម្មគួរស្វែងយល់ពីគ្រប់ជ្រុង ដើម្បីឱ្យគម្រោងរកស៊ីដែលត្រៀមបើកមានដំណើរការល្អ និងមានភាគរយខ្ពស់នៃភាពជោគជ័យ។ បើទោះបី អាជីវកម្មខ្នាតតូចមិនពិបាកចាប់ផ្តើម ហើយអាចរកដើមទុនក៏ពិតមែន ប៉ុន្ដែអ្នកត្រូវត្រៀមខ្លួនឱ្យរួចរាល់ក្នុងការចាប់ផ្ដើមវា៕







