ដោយ៖ សុផារី
ភ្នំពេញ៖ តាមរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ចំណូលថវិការដ្ឋក្នុងរយៈពេល៨ ខែ ឆ្នាំ២០២១ មាន ១៤,៣៧៥ ប៊ីលានរៀល (៦៧,៨% ធៀបនឹងច្បាប់) និងចំណាយថវិការដ្ឋមាន ១៥,៦៧៩ ប៊ីលានរៀល (៥៧,១៧% ធៀបនឹងច្បាប់)។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២១ កាលពីថ្ងៃទី៤ ខែតុលាកន្លងមក លោកអួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) តាមរយៈប្រព័ន្ធ Video Conference លទ្ធផលបានបង្ហាញថា ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិការក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់ +/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ជាពិសេសការខិតខំអនុវត្តសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូល។
ចំណែកការអនុវត្តចំណាយ មានការយឺតយ៉ាវជាងផែនការបន្តិច តែស្ថិតក្នុងស្ថានភាពដែលអាចនឹងសម្រេចបានតាមគោលដៅក្នុងឆ្នាំ។
ទន្ទឹមនឹងនេះ ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អតាមរយៈការសិក្សានិងដាក់ចេញផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ ការពង្រឹងការទូទាត់ចំណាយថវិកាជាតិតាមប្រព័ន្ធ E-Transfer ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈជាដើម៕







