ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ប្រសិនបើក្នុងរង្វង់១០ទៅ១៥ថ្ងៃក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជានៅតែមានអ្នកឆ្លង និងការស្លាប់ក្នុងរង្វង់ដូចបច្ចុប្បន្ននេះ យើងនឹងបើកប្រទេសបើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែត្រូវធ្វើឡើងទៅតាមគន្លថ្មីជាមួយនឹងវិធានការ៣កុំ ៣ការពារ ។នេះ បើតាមប្រសាសន៍តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី៨ តុលា ២០២១នេះ។
សម្ដេចតេជោបានមានប្រសាសន៍ឱ្យដឹងថា ឥឡូវនេះទាំងIMF ទាំងធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ីនិងស្ថាប័នហិរញ្ញវត្ថុដទៃទៀតសុទ្ធតែបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី១,៨ភាគរយទៅ២,២ភាគរយ ដែលកាលពីមុននោះយើងបានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា៤,១ភាគរយ តែដោយសារតែការវាយលុកពីជំងឺរាតត្បាត ហើយមានការព្យាករជាថ្មីធ្លាក់មកនៅត្រឹម១,៨ភាគរយនិង២,២ភាគរយ ។ សម្ដេចថា៖«បើសិនជាពីរខែចុងក្រោយនេះ កម្ពុជាអាចបើកសេដ្ឋកិច្ចឡើងវិញបានជាពិសេសទេសចរណ៍ផ្ទៃក្នុង និងសេវាដទៃទៀត កំណើនសេដ្ឋកិច្ចអាចឡើងលើសហ្នឹងបន្តិច ចំណូលថវិកាជាតិក៏នឹងមានស្ថានភាពល្អប្រសើរផងដែរ » ។
សម្ដេចតេជោបានបន្ថែមផងដែរថា ការបើកប្រទេសឡើងវិញ វាពិតជាមិនអាចទៅរួចទេ ប្រសិនបើអត្រាអ្នកឆ្លងនិងអ្នកស្លាប់ដោយសារតែកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង នៅពេលត្រលប់មកពីពិធីបុណ្យភ្ជុំវិញ ។
ក្រសួងសុខាភិបាលនៃព្រះរាជណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះក៏បានបង្ហាញពីការព្រួយបារម្ភចំពោះការកើនឡើងវិញនៃជំងឺកូវីដ១៩ ដោយសារតែប្រជាពលរដ្ឋមួយចំនួនបានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសកម្ពុជានិងមិនបានរក្សាគម្លាត និងគោរពទៅតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាលកម្ពុជា ដូចជាមិនពាក់ម៉ាសនិងជួបជុំពពាក់ពពួននៅកន្លែងកម្សាន្តជាដើម
ប្រតិបត្តិករទេសចរ និងអាជីវករជាច្រើនទៀត បានត្រៀមរួចជាស្រេចក្នុងការបើកឡើងវិញនូវសេដ្ឋកិច្ចនិងទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈវិស័យទេសចរណ៍បានរងផលប៉ះពាល់អស់រយៈពេលជាយូរមកហើយ ដោយសារតែការរាតត្បាតដោយសារតែជំងឺកូវីដ១៩ ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាក៏បានប្រកាសសាទរនិងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្រោយមានការបើកភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។យ៉ាងណា មានតែរង់ចាំមើលក្រោយពិធីបុណ្យភ្ជុំបិណ្ឌរយៈពី១០ទៅ១៥ថ្ងៃសិន ថាតើអត្រាអ្នកឆ្លងនឹងអ្នកស្លាប់ដោយសារតែកូវីដ១៩នឹងរក្សាចំនួនដដែល ធ្លាក់ចុះឬកើនឡើងវិញ ។







