ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនចំនួនពីរ ជាមួយទុនវិនិយោគ៣៣,១លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង២នោះ រួមមានទី១ ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគ ៣,១ លានដុល្លារ បង្កើតរោងចក្រផលិតកាបូប នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទី២ ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលនឹងបោះទុន ៣០ លានដុល្លារ បង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
គម្រោងវិនិយោគរោងចក្រថ្មីទាំង២កន្លែងនេះ នឹងជួយបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា រហូតដល់ ១១១៨ កន្លែង៕







