ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រាក់ឈ្នួលក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង កាបូកធ្វើដំណើរ នឹងត្រូវដំឡើងដល់២២២ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២២ខាងមុខនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២បានបញ្ជាក់ថា ក្រៅពីការតម្លើងប្រាក់ឈ្នួលអប្បបរមា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែលមានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ប្រាក់រង្វាន់ធ្វើការទៀងទាត់, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លនិងប្រាក់រង្វាន់អតីតភាពការងារ។
ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី២១១ ដល់២២២ដុល្លារក្នុងមួយខែ។ គិតចាប់ពីខែមករា ឆ្នាំ២០២២ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមារ ចំនួន១៩៤ដុល្លារអាមេរិក នៅក្នុងមួយខែៗ។
លោកសំ វុទ្ធី ប្រធានសហជីពមូលដ្ឋាននៃសម្លេងយុវជនខ្មែរបានឲ្យដឹងថា លោក និងបងប្អូនកម្មករមិនរំពឹងថា ប្រាក់ឈ្នួលអប្បបរមា នឹងអាចត្រូវតម្លើងដូចរាល់ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តមាន ហើយរោងចក្រ សហគ្រាសមួយចំនួនក៏ត្រូវបានបិទ និងមួយចំនួនផ្សេងទៀតប្រកាសព្យួរការងារ ដែលទាំងនេះជាឧបសគ្គនិងការលំបាកមួយក្នុងការតម្លើង។
ជាមួយគ្នានេះ កម្មការនី ម៉ែន សុភ័ក្រ្ត និងកម្មករ ជ័យ វុត្ថា ស្ថិតនៅរោងចក្រកាត់ដេរ ស៊ីជី ក្លូរី ក្នុងខណ្ឌមានជ័យមាន បាននិយាយថា ទោះបីជាការតម្លើងប្រាក់ឈ្នួលអប្បបរមាមានចំនួនមិនច្រើន ប៉ុន្តែពួកគាត់សប្បាយចិត្តនិងទទួលយក ព្រោះមិននឹកស្មានថាអាចតម្លើងបានទេ ក្នុងកាលៈទេសៈដែលប្រទេសកំពុងជួបបញ្ហា ប្រឈមនៃជំងឺឆ្លងកូវីដ១៩ ហើយនេះកាន់តែអស្ចារ្យថែមទៀត ដែលប្រទេសមានថ្នាក់ដឹកនាំដ៏ល្អដូចសព្វថ្ងៃនេះ៕







