តម្លៃប្រេងហក់ឡើងលើសពី៨០ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូងក្នុង រយៈពេលជិត៣ឆ្នាំ

ដោយៈសុខុម

អន្តរជាតិ: តម្លៃប្រេងឆៅបានហក់ឡើងលើសពី៨០ដុល្លារ ក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែតុលា ឆ្នាំ២០១៨ ដែលវាជាសញ្ញាបង្ហាញថា តម្រូវការកំពុងកើនឡើងលើសការផ្គត់ផ្គង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី២៨ កញ្ញា នេះ។

ការហក់ឡើងថ្លៃតម្លៃប្រេងនៅឆ្នាំនេះ បានកើតមានឡើង នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងផុសផុលបានជួយជំរុញ ឱ្យតម្រូវការថាមពលកើនឡើង ដោយធ្វើឱ្យស្តុកប្រេងរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខណៈតម្រូវការទូទាំងពិភពលោកកើនឡើង អង្គការប្រទេសនាំចេញប្រេង (OPEC) និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន រួមមាន ទាំងប្រទេសរុស្ស៊ីផងដែរនោះ បាននិងកំពុងបន្ធូរបន្ថយ ការរឹតបន្តឹងលើការផ្គត់ផ្គង់ដោយប្រុងប្រយ័ត្នខ្ពស់។

នៅថ្ងៃអង្គារ ទី២៨ កញ្ញា នេះ អង្គការ OPEC នឹងចេញផ្សាយនូវទស្សនវិស័យប្រេងពិភពលោក (World Oil Outlook) របស់ខ្លួនដែលនឹងរៀបរាប់លម្អិតអំពីទស្សនៈរបស់អង្គការនេះអំពីមូលដ្ឋានគ្រឹះទីផ្សារ។

លោក Vivek Dhar  អ្នកវិភាគប្រចាំធនាគារពហុជាតិសាសន៍ Commonwealth Bank of Australia (CBA) បានលើកឡើងថា តម្រូវការប្រេងឆៅអាចកើនឡើង៥០០.០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈតម្លៃហ្គាសដែលឡើងថ្លៃខ្ពស់ បានជំរុញឱ្យតម្រូវការប្រេងកើនឡើងខ្លាំង។

យោងតាមក្រុមហ៊ុនប្រេង និងហ្គាសរបស់អង់គ្លេស BP Plc ឱ្យដឹងថា តាមការរំពឹងទុក ការប្រើប្រាស់ប្រេងជាសកល នឹងវិលត្រលប់មករកកម្រិត ដូចមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២។

លោក Eugene Leong ប្រធានក្រុមហ៊ុន BP ប្រចាំប្រទេសសិង្ហបុរី បានថ្លែងក្នុងបទសម្ភាសន៍ថា កំណើនតម្រូវការប្រេងជាមធ្យម អាចនឹងឈានដល់៣,៨លានបារ៉ែលក្នុងមួយថ្ងៃនៅពេលខាងមុខ៕  Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here