ដោយៈ តារា
ភ្នំពេញៈ ទំហំពាណិជ្ជកម្មកម្ពុជា និងសាធារណៈរដ្ឋកូរ៉េបានបន្តកើនឡើង ដោយសម្រេចបានទំហំទឹកប្រាក់ជាង៦០០លានដុល្លារអាមេរិក ខណៈប្រទេសទាំងពីរត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំនេះ។
យោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្ម អន្តរជាតិកូរ៉េបានឱ្យដឹងថា ការនាំចេញរបស់ កម្ពុជាពីខែមករា ដល់ខែសីហា មានទឹកប្រាក់ចំនួន២២៦,២លាន ដុល្លារ កើនឡើង៣,៥ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលសរុបរបស់កម្ពុជាពីកូរ៉េខាងត្បូងបានកើនឡើងជាង១៦ភាគរយ ស្មើនឹង៤០៩,៣ លានដុល្លារ។
ជាមួយគ្នានេះពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា – កូរ៉េខាងត្បូងបានកើនឡើង១១,៣ ៣ភាគរយ ស្មើនឹង៦៣៥,៥លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ខណៈ ប្រទេសទាំងពីរ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅខែក្រោយ ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ បានលើកឡើងថាកម្ពុជា បាន នាំចូលយានយន្ត គ្រឿងអេឡិកត្រូនិក ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថផលិតផលផ្លាស្ទិក និងផលិតផលសម្រេច ។ លោកបន្តថា ប្រទេសទាំងពីរបានបញ្ចប់ ការចរចា ស្តីពីការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី នៅកាលពី ខែកុម្ភៈ។
លោកពន្យល់ទៀតថា “បើស្ថានការណ៍កូវីដ១ ៩ល្អប្រសើរឡើងវិញ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសកូរ៉េ ខាងត្បូង ដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះ នៅ ខែ តុលាខាងមុខនេះ”។
លោកបន្តថា ពាណិជ្ជកម្មទ្វេភាគីជាមួយកូរ៉េ ខាងត្បូងនឹងបើកទីផ្សារសម្រាប់ ផលិតផល កម្ពុជា” ហើយការនាំចេញភាគច្រើនរបស់កម្ពុជា រួមមាន ស្បែកជើងសំលៀកបំពាក់ សម្ភារៈធ្វើដំណើរផ្សេងៗ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក កៅស៊ូ ឱសថ និងផលិតផល កសិកម្ម ទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលើកឡើងថា F T A កម្ពុជា កូរ៉េនឹងមិនត្រឹមតែបើកទីផ្សារបន្ថែមទៀត ដល់ផលិតផលកម្ពុជា នោះទេ ប៉ុន្តែថែមទាំងទាក់ទាញការវិនិយោគ សម្រាប់ការផលិត និងការនាំចេញផង ដែរ ហើយកម្ពុជាក៏គ្រោងបើកការចរចាពាណិជ្ជកម្មសេរី ជាមួយប្រទេសពាណិជ្ជកម្ម សំខាន់ៗ ដូចជា ប្រទេសជប៉ុន និងប្រទេសឥណ្ឌានាពេលខាងមុខផងដែរ៕







