រដ្ឋមន្រ្តីក្រសួងរ៉ែៈកម្ពុជានឹងផ្ទេរប្រព័ន្ឋបច្ចេកវិទ្យាថ្មីៗលើគំរោងអភិវឌ្ឍន៍ថាមពល កកើតឡើងវិញ

        ដោយៈសិរី ជេស៊ីកា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែនបានថ្លែងថា កម្ពុជា​នឹង​ធ្វើការ​ផ្ទេរ​បច្ចេកវិទ្យា​ថ្មីៗ ​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ថាមពល និង​បង្កើន​ការអភិវឌ្ឍ​ថាមពល​កកើតឡើង​វិញ​ជា​អតិបរមា ដើម្បី​ធានា​ការផ្គត់ផ្គង់​ថាមពល​ដែល​មាន​តម្លៃ​សមរម្យ អាច​ទុកចិត្ត និង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​។

លោក ស៊ុយ សែម បាន​លើកឡើងកាលពីពេលថ្មីៗនេះថា ក្នុង​រយៈពេល​កន្លងមក កម្ពុជា​សម្រេច​បាន​គោលដៅ ​នៃ​ការផ្គត់ផ្គង់​ថាមពល​គួរឱ្យ​កត់សម្គាល់ ដោយ​ភូមិ​ជាង ៩៧ ភាគរយ​ទទួល​បាន​ការផ្គត់ផ្គង់ ​ថាមពល​ពី​ប្រព័ន្ធ​បណ្តាញ និង​ផ្ទះ​ជាង​៨១​ភាគរយ​ទទួលបាន​ការតភ្ជាប់​បណ្តាញ​ប្រើប្រាស់​។ ក្នុងន័យនេះ រដ្ឋាភិបាល​នឹង​ខិតខំ​អភិវឌ្ឍ​វិស័យ​ថាមពល​បន្តទៀត ដើម្បី​ពង្រីក​លទ្ធភាព​ ទទួលបាន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មួយ​ដែល​ទំនើប មាន​តម្លៃ​សមរម្យ​អាច​ទុកចិត្ត​បាន និង​មាននៅ​គ្រប់​ទីកន្លែង​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ការកាត់បន្ថយ​ដង់ស៊ីតេ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ គឺ​មាន​ភាពចាំបា​ច់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការសម្រេច​គោលដៅ និង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា និង​គោលដៅ​អន្តរកាល​ឆ្ពោះទៅ​ការកាត់បន្ថយ​ឧស្ម័ន​កាបូន​”។ លោក​បន្តថា “ការអភិវឌ្ឍ​ថាមពល​បន្តទៀត កម្ពុជា​នឹង​បង្កើន​ការប្រើប្រាស់​ថាមពល​ស្អាត​ឱ្យ​បានជា​អតិបរមា​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកា​ស ព្រមទាំង​ធានា​ភាពគ្រប់គ្រាន់​នៃ​សន្តិសុខ​ថាមពល ដែល​មាន​តម្លៃ​សមរម្យ និង​អាច​ទុកចិត្តបាន​”។

លោក​ស៊ុយ សែមបានបន្តទៀតថា ​សម្រាប់​គោលដៅ នេះ​យើង​កំពុង​ធ្វើ​សមាហរណកម្ម​អភិវឌ្ឍន៍​គម្រោង​ថាមពល ​កកើតឡើង​វិញ​ឱ្យ​កាន់តែ​ច្រើន ​ក្នុង​ផែនការអភិវឌ្ឍន៍​របស់​យើង​។ អភិវឌ្ឍន៍​ប្រព័ន្ធ​អាគុយ​ស្តុក​ថាមពល​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្កើន​ការទទួល​គម្រោង​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ​បន្ថែមទៀត និង​ធ្វើការ​អនុម័ត​គោលនយោបា​យ និង​ផែនការ​សកម្មភាព​សម្រាប់​ការងារ​ប្រសិទ្ធភាព​ថាមពល​​។

លោក​បន្តថា ទោះជា​យ៉ាងណា ​ក្នុង​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ថាមពល កម្ពុជា​នឹង​នៅ​បន្ត​ពឹង​ផ្អែកលើ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ខ្លះ​ដោយ​ចៀស​ពុំរួច ដូចនេះហើយ​នៅពេល​ដ៏ខ្លី​ខាងមុខ កម្ពុជា​មាន​ភាពចាំបាច់​ ក្នុង​ការកែច្នៃ​ឥន្ធនៈ​ហ្វូស៊ីល​ ដែលមាន​ស្រាប់​   ឱ្យមាន​លក្ខណៈ​ស្អាត​ជាង​មុន​។

លោកស៊ុយ សែមបាន​ថ្លែងថា​ “យើង​មាន​ភាពចាំបាច់​ណាស់​ក្នុង​ការដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ហ្វូស៊ីល​ស្អាត​ដូចជា បច្ចេកវិទ្យា​ធ្យូងថ្ម​ស្អាត និង​បច្ចេកវិទ្យា​ចាប់យក​កាបូន ការប្រើប្រាស់និង​ស្តុក​ទុក​កាបូន និង​បច្ចេកវិទ្យា​អ៊ីដ្រូហ្ស៊ែន​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here