ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារប្រទេសវៀតណាម ក្នុងតម្លៃប្រមាណ១,៨៣ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១។
សារព័ត៌មានVietnam Plus ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងមកបានឱ្យដឹងថា ប្រទេសវៀតណាមបានចំណាយប្រាក់ជិត១,៨៣ ពាន់លានដុល្លារក្នុងការនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា នារយៈពេល៨ខែដើមឆ្នាំ ២០២១ កើនឡើង៧,១ដងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
លោកខាន់ កុសល ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ខេត្តព្រះវិហារ បានកត់សម្គាល់ថា សព្វថ្ងៃនេះកម្ពុជាពុំទាន់មានច្រកនាំចេញផ្ទាល់ ទៅកាន់ប្រទេសដែលមានសក្តានុពលទីផ្សារធំៗទេ ហេតុនេះកម្ពុជាត្រូវការប្រទេសជិតខាង ដើម្បីជាទីផ្សារសម្រាប់កែច្នៃ និងនាំចេញបន្តទៅទីផ្សារដែលមានសក្តានុពលនៅលើពិភពលោក។
លោកបន្តថា “សព្វថ្ងៃបញ្ហាប្រឈមនៃនាំចេញដោយផ្ទាល់របស់កម្ពុជា គឺថ្លៃដើម ផលិតខ្ពស់ជាងបណ្តាប្រទេសជិតខាង ដែលនាំឱ្យកម្ពុជាពិបាកប្រកួតប្រជែងជាមួយគេ ខណៈវៀតណាម គឺប្រទេសមានបទពិសោធច្រើនឆ្នាំនៅក្នុងវិស័យស្វាយចន្ទី ហើយប្រទេសនេះក៏មានដៃគូជាច្រើននៅជុំវិញពិភពលោក”។
ម្យ៉ាងទៀតស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏បាននាំឱ្យវិស័យឯកជនដែលរកស៊ីក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ពិបាកនឹងរកដៃគូដែលមានសក្តានុពលធ្វើការនាំចេញផងដែរ។
លោកខាន់ កុសលបានបញ្ជាក់ថា “ខ្ញុំគិតថាក្នុងរយៈពេលមធ្យម យើងមិនទាន់អាចមានលទ្ធភាពធ្វើការនាំចេញគ្រាប់ស្វាយចន្ទី ដោយផ្ទាល់ទៅទីផ្សារប្រទេសធំៗទេ។ យើងត្រូវការពេលវេលា កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យនេះ ដើម្បីគាំទ្រដល់ការនាំចេញ”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង កាលពីថ្មីៗនេះ បានឱ្យដឹងថា ប្រទេសវៀតណាមភាគច្រើន ទទួលទិញកសិផលពីប្រទេសកម្ពុជា មានដូចជាស្រូវ កៅស៊ូ សណ្តែក ពោត ល្ង និងស្វាយចន្ទី។ រីឯវៀតណាមនាំមកកម្ពុជាមាន ដែកថែប ប្រេង បន្លែ ផ្លែឈើ និងជីកសិកម្ម។
លោកនិយាយថា “ខ្ញុំគិតថា ផលិតផលកសិកម្មកម្ពុជា បើអត់មានទីផ្សារប្រទេសជិតខាង យើងនឹងកកកុញនៅក្នុងទីផ្សារក្នុងស្រុក”។
យោងតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ៨៧៦ ៥២១,១៩ តោនក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ កើន ៣៤០,៦១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ប្រទេសវៀតណាម គឺទីផ្សារឈានមុខគេ ដែលមានបរិមាណ ៨៦៩ ៥៤០ តោន និងតាមពីក្រោយដោយចិន ៣ ៦៣៩,៥០ តោន និងថៃ ៣ ២៣០,៤០ តោន។ ទីផ្សារផ្សេងទៀត រួមមាន កូរ៉េ ជប៉ុន ឥណ្ឌា អារ៉ាប់ ហូឡង់ បង់ក្លាដែស ឡាវ តូហ្គោ និងអារ៉ាប់រួម៕







