ដោយៈលក្ខិណា
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ល្បឿននៃការចាក់វ៉ាក់សាំងនៅកម្ពុជា ធ្វើឱ្យយើងជឿជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ ដែលបានមើលឃើញថា ពិតជាធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរជាតិនិងអន្តរជាតិ។
សម្តេចតេជោបានថ្លែងបញ្ជាក់ក្នុងសារលិខិត អបអរសាទរទិវាទេសចរណ៍ពិភពលោកនាព្រឹកថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២១ថា កត្តានេះ រួមផ្សំនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ-១៩ នឹងជំរុញឱ្យកម្ពុជាអាចបើកឡើងវិញ ជាជំហានៗនូវសកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិ ដោយតម្កល់សុខភាពសាធារណៈជាអាទិភាព។ ស្ថិតក្នុងភាពសុទិដ្ឋិនិយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ផ្នែកឯកជន និងភាគី ពាក់ព័ន្ធនានា ត្រូវផ្តល់កិច្ចសហការគាំទ្រ ចំពោះការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ។
សម្តេចតេជោ លើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ផ្នែកឯកជន យុវជន និងដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ចូលរួមជំរុញការបង្កើត និងផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យកាន់តែសម្បូរបែប តាមរយៈការដាក់ចុះនូវកម្មវិធីយុវជននិងធុរកិច្ច ក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញការបង្កើតថ្មីនិងនវានុវត្តន៍ទេសចរណ៍ជនបទ ព្រមទាំងលើកកម្ពស់ការយល់ដឹងនិងកសាងសមត្ថភាព ផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋាន ក្រោមការសម្របសម្រួល និងដឹកនាំរបស់ក្រសួងទេសចរណ៍ និងក្រោមកិច្ចសហប្រតិបត្តិការ ពីអង្គការទេសចរណ៍ពិភពលោក សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍនានា។
សម្តេចតេជោ បន្តអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការកាន់តែសកម្មថែមទៀតជាមួយក្រសួងទេសចរណ៍ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មីដល់យុវជន ស្របតាមយន្តការអភិវឌ្ឍន៍ ជំនាញទេសចរណ៍ប្រកបដោយចីរភាព។ បន្ថែមពីនោះទៀត សម្តេចតេជោបានលើកទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការ “កម្ពុជាសុវត្ថិភាព Cambodia safe” ដើម្បីជាមុំ យុទ្ធសាស្រ្តទាក់ទាញទេសចរផ្ទៃក្នុង និងអន្តរជាតិក្នុងដំណាក់កាលនៃការបើកឡើងវិញ និងពេលអនាគត ។
លោកជំទាវ ឆាយស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ស្ទើរតែគ្រប់គ្នាទៅហើយ ដូច្នេះកម្ពុជា អាចចាត់ទុកជាប្រទេសគោលដៅទេសចរណ៍មួយ ដែលមានសុវត្ថិភាពនៅលើពិភពលោក ដូច្នេះយើងត្រូវធ្វើយ៉ាងណា ទាក់ទាញទេសចរអន្តរជាតិមកកាន់តែច្រើននៅពេលដែលយើងបើកទទួលទេសចរអន្តរជាតិឡើងវិញនោះ៕







