កម្ពុជា-ហ្វីលីពីនប្ដេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កម្ពុជា និងហ្វីលីពីននឹងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតតាមរយៈវិស័យឯកជននិងឯកជន ជាក់ស្ដែងនៅថ្ងៃទី២២កញ្ញា២០២១នេះ តំណា​ងសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួនម៉េងតិច និងតំណាងហ្វីលីពីន ដែលមានលោកស្រី អ៊ីម៉ា អា.សាណេ អគ្គកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាបានជួបពិភាក្សាគ្នា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគ។

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់ទៅលើការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ និងការចុះអនុស្សារណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ដែលនឹងប្រព្រឹត្តទៅចុងឆ្នាំ២០២១នេះ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្ម និងធុរជនរបស់ប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថិតិពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ហ្វីលីពីនបានបង្ហាញថា ពាណិជ្ជកម្មទ្វេរ​ភាគីរវាងប្រទេសអាស៊ានទាំង២ ក្នុងអំឡុងជំងឺកូវីដ១៩ ឆ្នាំ២០២០ គឺមានតម្លៃប្រហែល ៤៩,០៥ លានដុល្លារ ក្នុងនោះ ការនាំចូលមកកម្ពុជា មានតម្លៃ ២៥,០៩ លានដុល្លារ ខណៈការនាំចេញពីកម្ពុជាទៅហ្វីលីពីន មានតម្លៃ២៣,៩៦ លានដុល្លារ។

កម្ពុជាមានសេដ្ឋកិច្ចកំពុងរីកចម្រើន ជាមួយច្បាប់បើកចំហរដល់ការវិនិយោគ ច្បាប់​ពន្ធដារមានភាពទាក់ទាញ និងកម្លាំងពលកម្មមានការប្រកួតប្រជែង បានទាក់ទាញអាជីវកម្ម និងការវិនិយោគជាច្រើន មកកម្ពុជា។ គិត ត្រឹមខែតុលា ឆ្នាំ២០២០ មានក្រុមហ៊ុនហ្វីលីពីនជាង ៩០ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។

ដើមឆ្នាំ២០២១ នាពេលថ្មីៗនេះ សភាពាណិជ្ជកម្មហ្វីលីពីននៅកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចរវាងហ្វីលីពីន និងកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងផងដែរថា កម្ពុជាមិនរើសអើងវិនិយោគិនណាទាំងអស់។ កម្ពុជាស្វាគមន៍វិនិយោគិនមកពីគ្រប់ទិសទី ដែលចូលមកបណ្ដាក់ទុនវិនិយោគ ហើយកម្ពុជាក៏មានមន្ត្រីជំនាញរបស់ខ្លួនក្នុងការសម្រួល ដល់ការវិនិយោគពីប្រទេសនានាលើពិភពលោក មិនថាប្រទេសក្នុងតំបន់ឬក្រៅតំបន់នោះឡើយ ។

នៅក្នុងវិបត្តិកូវីដ១៩កម្ពុជា នៅតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់បណ្ដា​ក់ទុនជាហូរហែ ដែលការវិនិយោគជាបន្តបន្ទាប់នេះ ក៏បានជួយបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាផងដែរ ជាពិសេសទៅលើវិស័យឧស្សាហកម្មនិងវិស័យផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here