ដោយៈសុជាតា
ប្រទេសថៃៈ ក្រុមហ៊ុន SCG Packaging Plc (SCGP) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ អំពីគម្រោងវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណ១១,៨ ពាន់លានបាត ស្មើនឹង( ៣៥៣ លានដុល្លារ) ទៅលើអាជីវកម្មផលិតក្រដាសវេចខ្ចប់របស់ខ្លួន នៅក្នុងប្រទេសវៀតណាម ។
ខណៈដែលរោងចក្រថ្មីមួយ នឹងត្រូវសាងសង់នៅក្នុងខេត្ត Vinh Phuc ភាគខាងជើងនៃប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមប្រតិបតិ្តការនៅដើមឆ្នាំ ២០២៤ ហើយរំពឹងថា អាចផលិតក្រដាសវេចខ្ចប់ បានក្នុងចំនួន៨៧០,០០០តោនក្នុងមួយឆ្នាំ ពោលគឺកើនឡើងពី៥០០,០០០តោន/ឆ្នាំ។
ការវិនិយោគដ៏ធំនេះ គឺស្ថិតនៅក្រោមស្លាកសញ្ញា Vina Kraft Paper ដែលជាការបណ្តាក់ទុករួមគ្នា រវាងក្រុមហ៊ុន SCG Packaging របស់ថៃ និងក្រុមហ៊ុនជប៉ុន Rengo Company ខណ: SCGP កាន់ភាគហ៊ុនសរុប៧០ភាគរយ ។

លោក Wichan Jitpukdee នាយកប្រតិបត្តិក្រុមហ៊ុន SCGP បាននិយាយថា ” វៀតណាមមានការប្រើប្រាស់ក្នុងស្រុកយ៉ាងច្រើន និងជាមូលដ្ឋាននាំចេញដ៏សំខាន់ នៅក្នុងតំបន់ ដូច្នេះហើយវាជាការទាក់ទាញដ៏ធំមួយ សម្រាប់ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដើម្បីមកធ្វើការវិនិយោគនៅទីនោះ”។
មិនតែប៉ុណ្ណោះ លោក Wichan បានព្យាករណ៍ថា កំណើនតម្រូវការរបស់ប្រជាជនវៀតណាម អាចនឹងកើនឡើងពី៦% ទៅ 7% ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៥
សូមបញ្ជាកថា SCGP គឺជាផ្នែកមួយរបស់សាជីវកម្មឧស្សាហកម្មរបស់ប្រទេសថៃ ដែលមានឈ្មោះថា SiamCenment Plc ដែលនឹងប្រើប្រាស់សាច់ប្រាក់ និងបំណុលក្នុងការពង្រីកអាជីវកម្ម។
ការបណ្តាក់ទុនវិនិយោគនេះ របស់ក្រុមហ៊ុនថៃនេះ នឹងពង្រីកទៅដល់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណ៩៨លាននាក់ ដែលជាទីផ្សារធំមួយនៅក្នុងតំបន់ផងដែរ៕







