ទីក្រុងថ្មីមួយនឹងលេចរូបរាងឡើងនៅតំបន់អរិយក្សត្រ ទល់មុខកោះពេជ្រ នៅពេលខាងមុខ

        ដោយៈលក្ខិណា

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីមួយ នៅលើផ្ទៃដីប្រមាណ៧៥ហិចតាក្នុងទឹកដីនៃតំបន់អរិយក្ស័ត្រ ទល់មុខនឹងទីក្រុងកោះពេជ្រ នឹងលេចជារូបរាងឡើងនៅពេលខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនលោកឧកញ៉ាឃុន សៀទទួលបានសិទ្ធិវិនិយោគជាផ្លូវពីរាជរដ្ឋាភិបាលកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងវិនិយោគទីក្រុងថ្មីមួយនេះ នឹងចាប់ផ្ដើមអភិវឌ្ឍន៍បន្ទាប់ ពីក្រុមហ៊ុនធ្វើច្រាំងទន្លេរួចរាល់ ឱ្យមានសោភាពស្រស់ស្អាតនិងរឹងមាំ ដូចកោះពេជ្រ និងកោះនរាហ៍ ដែលអាចមើលឃើញពីរាជធានីភ្នំពេញបានច្បាស់។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងមួយនេះ បាននិងកំពុងធ្វើសកម្មភាពធ្វើច្រាំងទន្លេឱ្យបានលឿន ដោយរៀបចំដាក់ថ្មនៅតាមតំបន់ដីដែលដុះ និងដីដែលបាក់ស្រុតដោយសារតែទឹកហូរ ។ ការរៀបចំច្រាំងទន្លេនេះ ដើម្បីធានាថានឹងមិនមានការបាំងច្រាំងនៅពេលអនាគត ។

លោកឌុច ចាន់ មេឃុំអរិយក្ស័ត្របានបានឱ្យដឹងថា បើតាមលោកដឹងគម្រោង​អភិវឌ្ឍន៍នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក្នុងតំបន់នោះឡើយ ពីព្រោះដី ដែលក្រុមហ៊ុនអភិវឌ្ឍន៍ជាដីរបស់រដ្ឋ ហើយប្រជាពលរដ្ឋដែលអាស្រ័យផល លើដីនោះកន្លងមកក្រុមហ៊ុន ក៏បានដោះស្រាយគោលនយោបាយរួចរាល់ហើយ ។

លោកបន្តថា “កាលពីមុនតំបន់ដែលក្រុមហ៊ុនកំពុងរៀបចំអភិវឌ្ឍន៍នេះ តែងតែមានការបាក់ដីចូលទន្លេរាល់ឆ្នាំ ហើយនៅពេលក្រុមហ៊ុនចូលមកអភិវឌ្ឍន៍ និងបានធ្វើច្រាំងទន្លេរឹងមាំ យើងលែងបារម្ភចំពោះការបាក់ដីដូចពីមុនទៀតហើយ”។លោកបន្តថា “នៅពេលគម្រោងនេះសាងសង់រួចរាល់ វានឹងហុចផលដល់ប្រជាពលរដ្ឋ ក្នុងតំបន់អរិយក្ស័ត្របានច្រើន ដោយក្នុងគម្រោងមានផ្សារ មានបុរីហើយប្រជាពលរដ្ឋអាចលក់ដូរនៅក្នុងផ្សារ និងមានការងារធ្វើនៅក្នុងតំបន់នោះផ្ទាល់តែម្ដង”។

លោកមេឃុំបានបន្តថា គម្រោងអភិវឌ្ឍន៍នេះជាគម្រោងទី១ នៅលើទឹកដីអរិយក្ស័ត្រ ហើយក្រុមហ៊ុនថានឹងអភិវឌ្ឍន៍គម្រោងឱ្យដូចនឹងកោះពេជ្រ និងកោះនរាហ៍ដែរ ដូច្នេះវានឹងទាក់ទាញដល់វិនិយោគិនផ្សេងៗទៀត ចូលមកកាន់តំបន់អរិយក្ស័ត្រ និងពង្រីកការវិនិយោគជាបន្តបន្ទាប់នៅពេលខាងមុខ ។

ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានឱ្យដឹងថា ចាប់តាំងពីគម្រោងនេះ បានប្រកាសអភិវឌ្ឍន៍ឃើញថា តម្លៃដីធ្លីក្នុងតំបន់នេះ បានហក់ឡើងជាបន្តបន្ទាប់ជាក់ស្ដែងមកដល់ពេលនេះ។ តម្លៃដីធ្លីនៅតំបន់អភិវឌ្ឍន៍មួយនេះ បានឡើងដល់១០០០ ទៅ១៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីជាប់ទន្លេ។ ចំណែកដីដែលមិនជាប់ទន្លេ ក៏មានតម្លៃចន្លោះពី៦០០ដុល្លារ ទៅ១០០០ដុល្លារអាមេរិកផងដែរក្នុងមួយម៉ែត្រការ៉េ ។

លោកបន្តថា “តំបន់នេះបើសិនជាមានស្ពានឆ្លងកាត់ពីភ្នំពេញ វានឹងធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍកាន់តែកើនឡើងខ្លាំងទៅទៀត ពីព្រោះវានៅមិនឆ្ងាយពីភ្នំពេញ ហើយវាក៏នៅជិតកោះពេជ្រ និងកោះនរាហ៍ដែលជាទីក្រុងអភិវឌ្ឍន៍ធំៗនៅភ្នំពេញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here