ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងកំពុងរៀបចំនូវគម្រោងព្រឹត្តិប័ត្រស្រាវជ្រាវ អេឡិចត្រូនិកប្រចាំខែ ដើម្បីធ្វើការចងក្រងប្រមូលផ្តុំ និងបោះពុម្ពផ្សាយជាប្រចាំរៀងរាល់ខែ នូវរាល់ស្នាដៃស្រាវជ្រាវសំខាន់ៗនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ហើយអ្នកដែលមានបំណង ចង់ចូលរួមអាចទំនាក់ទំនង បានចាប់ផ្តើមពីខែតុលាខាងមុខតទៅ។

យោងតាមសេចក្តីជូនដំណឹងស្ដីពី ការរៀបចំគម្រោងព្រឹត្តិប័ត្រស្រាវជ្រាវអេឡិចត្រូនិកប្រចាំខែ (E-Bulletin Project) ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម កំពុងរៀបចំនូវគម្រោងព្រឹត្តិប័ត្រ ស្រាវជ្រាវអេឡិចត្រូនិកប្រចាំខែ ក្នុងគោលបំណងដើម្បីធ្វើការចងក្រងប្រមូលផ្តុំ និងបោះពុម្ពផ្សាយជាប្រចាំរៀងរាល់ខែ នូវរាល់ស្នាដៃស្រាវជ្រាវសំខាន់ៗនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ព្រមទាំងប្រធានបទសំខាន់ៗផ្សេងទៀត ដែលមានអត្ថន័យខ្លឹមសារ សំដៅចូលរួមលើកស្ទួយអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាស្នាដៃដើម ប្រកបដោយក្រមសីលធម៌ពុំមានការញោះញុង វាយប្រហារ និងមិនបម្រើឱ្យក្រុម ឬគណបក្សណាមួយឡើយ។
ក្នុងអត្ថន័យនេះ ក្រសួងពាណិជ្ជកម្មស្វាគមន៍ មន្ត្រីរាជការក្រោមឱវាទក្រសួង និងអ្នកសិក្សាស្រាវជ្រាវ សាស្រ្តាចារ្យ សិស្ស និស្សិត និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ សូមផ្ញើខ្លឹមសារអត្ថបទស្រាវជ្រាវរបស់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការជ្រើសរើសចុះផ្សាយ នៅលើគម្រោងព្រឹត្តិប័ត្រស្រាវជ្រាវ អេឡិចត្រូនិកប្រចាំខែ ច្បាប់ទី១ លេខទី១ ចាប់ផ្តើមពីខែតុលា ឆ្នាំ២០២១នេះតទៅ។
សេចក្តីជូនដំណឹងខាងលើ បានឲ្យដឹងទៀតថា ប្រធានបទសម្រាប់ការស្រាវជ្រាវ រួមមាន ពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ, ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកនិងអន្តរជាតិ កសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងនវានុវត្តន៍បញ្ហាសង្គម សមភាពយេនឌ័រ និងប្រធានបទដទៃទៀតដែលពាក់ព័ន្ធនឹងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ។

ប្រភេទ និងមាតិកាអត្ថបទដែលត្រូវចុះផ្សាយ ត្រូវតែជាអត្ថបទស្រាវជ្រាវ ករណីសិក្សា, ការវិភាគគោលនយោបាយ បទអត្ថាធិប្បាយ ឬបទវិចារណាកថា និងទស្សនាវដ្តី (Journal)។
សេចក្តីជូនដំណឹងដដែលបានបន្តថា អត្ថប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវ នឹងទទួលបានឱកាសបង្កើនកេរ្តិ៍ឈ្មោះ និងស្នាដៃក្នុងអាជីពជាអ្នកស្រាវជ្រាវ ទទួលបានការរក្សាសិទ្ធអ្នកនិពន្ធ និងឱកាសទទួលបានការផ្សព្វផ្សាយស្នាដៃរបស់ខ្លួន សម្រាប់វេទិកា និងព្រឹត្តិការណ៍នានាកម្រិតថ្នាក់ជាតិ និងអន្តរជាតិ។ ដោយឡែក លក្ខខណ្ឌនៃការទទួលកិច្ចការស្រាវជ្រាវ ក្រសួងទទួលត្រឹមថ្ងៃទី២៥ រៀងរាល់ចុងខែនីមួយៗ ដោយទទួលជាភាសាខ្មែរឬអង់គ្លេស ហើយរាល់ខ្លឹមសារ និងគំនិតនៃការស្រាវជ្រាវ ដែលបានចម្លងទាំងស្រុងពីប្រភពណាមួយ នឹងត្រូវបដិសេធមិនទទួលយក៕







