ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ជំទាវវេជ្ជបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញលោកស៊ុយ សែមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ។

ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានផ្តោតលើប្រធានបទសំខាន់ៗដូចជា សាវតា និងវឌ្ឍនភាពនៃការអភិវឌ្ឍធនធានរ៉ែ ថាមពល ប្រេងនិងឧស្ម័នរបស់កម្ពុជា ។ សក្តានុពល និងឱកាសនៃការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនឥណ្ឌា ក្នុងនោះរួមមានៈគម្រោងអភិវឌ្ឍន៍រ៉ែមាស រ៉ែដែក និងធនធានរ៉ែ ដ៏ទៃទៀត គម្រោងអភិវឌ្ឍន៍វិស័យថាមពល ដោយផ្តោតលើការអភិវឌ្ឍខ្សែបណ្តាញបញ្ជូន និងខ្សែបណ្តាញចែកចាយថាមពលអគ្គិសនី គម្រោងអភិវឌ្ឍន៍វិស័យប្រេងនិងឧស្ម័ន។
– ការផ្តល់គម្រោងពង្រឹង សមត្ថភាពលើធនធានមនុស្ស និងការបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យមរបស់រដ្ឋាភិបាលឥណ្ឌាជូនមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល និងគម្រោងហិរញ្ញប្បទាន របស់រដ្ឋាភិបាលឥណ្ឌាមកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទាំង៣របស់ក្រសួង។

លោកជំទាវឯកអគ្គរដ្ឋទូត បានអបអរសារទចំពោះសមិទ្ធិផលដ៏ល្អ ដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យលើការចាក់វ៉ាក់សាំងការពារ Covid19 ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពនិងឆ្លៀតឱកាសទៅទស្សនកិច្ចប្រទេសឥណ្ឌា ដើម្បីផ្លាស់ប្តូរបទពិសោធន៍និងស្វែងយល់អំពីការអភិវឌ្ឍឧស្សាហកម្មរ៉ែ ថាមពលនិងប្រេងរបស់ឥណ្ឌាផងដែរ។
លោករដ្ឋមន្ត្រីស៊ុយ សែម បានស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការសម្របសម្រួលលើកិច្ចសហប្រតិបត្តិការ និងជំរុញឱ្យមានក្រុមហ៊ុនវិយោគរបស់ឥណ្ឌា នៅកម្ពុជាឱ្យកាន់តែច្រើន៕







