ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៥និងប្រមូលទុន សរុបជាង២៧៧លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ទោះបីជាស្ថានភាពកូវីដ១៩នៅជុំវិញពិភពលោក នៅតែបន្តរាលដាលយ៉ាងណាក្ដី ក៏វិស័យមូលបត្រកម្ពុជានៅតែបន្តដំណើរការដោយរលូន ជាក់ស្ដែងគិតត្រឹមថ្ងៃទី៩កញ្ញា២០២១នេះ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៥និងប្រមូលប្រភពទុនបានប្រមាណ២៧៧លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុនEZECOM តែលកូថេកកាលពីព្រឹកថ្ងៃទី៩កញ្ញា២០២១នេះ ឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនដែលចុះបញ្ជី នៅក្នុងផ្សារមូលបត្រកម្ពុជាទាំង១៥នោះ មាន៨ក្រុមហ៊ុនបានចុះបញ្ជីជាភាគហ៊ុន និង៧ផ្សេងទៀតចុះបញ្ជីជាសញ្ញាប័ណ្ណ ។

លោកបន្តថា “ទោះបីជាបច្ចុប្បន្ននេះ  ទោះបីជាជុំវិញពិភពលោក មានភាពមិនច្បាស់លាស់ តែទីផ្សារមូលបត្រកម្ពុជាយើង នៅតែបន្តការងាររបស់ខ្លួនជាមួយនឹងការគាំទ្រពេញទំហឹងពីខាងនិយ័តករមូលបត្រកម្ពុជា”។

ជាក់ស្ដែងឆ្នាំ២០២០ ដែលជាឆ្នាំដំបូងនៃកូវីដ១៩ចូលមកកម្ពុជា ផ្សារមូលបត្រក៏បានទទួលក្រុមហ៊ុន ចុះបញ្ជីជាប្រវត្តិសាស្ត្រចំនួន៥ក្រុមហ៊ុនក្នុងមួយឆ្នាំ ខណៈពីមុនៗគឺទទួលបានតែ១ ឬ២ក្រុមហ៊ុនប៉ុណ្ណោះយ៉ាងច្រើន ដែលក្នុងនោះក៏មាន២ក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុន និង៣ក្រុមហ៊ុនចុះបញ្ជីជាសញ្ញាប័ណ្ណ ។

លោកហុង សុហួរបានបន្តថា សម្រាប់ពេលនេះវិញ គ្រាន់តែ១សប្ដាហ៍យើងទទួលបានក្រុមហ៊ុនចំនួន២រួចទៅហើយ ដែលមានក្រុមហ៊ុនDBD កាលពីដើមសប្ដាហ៍និងក្រុមហ៊ុនតែលកូថេកនៅថ្ងៃនេះ។ លោកបន្ថែមថា ក្រៅពីនេះ យើងក៏មានក្រុមហ៊ុនជាច្រើនក៏បាននិងកំពុងរៀបចំដាក់សំណើរចុះបញ្ជី ក្នុងផ្សារមូលបត្រកម្ពុជាផងដែរ និងរំពឹងថានឹងមានក្រុមហ៊ុនជាបន្តបន្ទាប់ទៀតចុះបញ្ជីក្នុងឆ្នាំ២០២១នេះ ។

លោកបញ្ជាក់ថា ទន្ទឹមនឹងមានការកើនឡើងនៃក្រុមហ៊ុនចុះបញ្ជីនេះដែរ យើងក៏ឃើញថា ទំហំនៃការជួញដូរភាគហ៊ុន ក្នុងផ្សារមូលបត្រកម្ពុជាក៏មានកំណើនដូចគ្នា ជាក់ស្ដែងមុនឆ្នាំ២០១៧ ផ្សារមូលបត្រកម្ពុជាមានទំហំជួញដូរ ត្រឹមតែជា១ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមកដល់ពេលនេះ មានទំហំជួញដូររហូតដល់២២ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ និងរំពឹងថានឹងកើនឡើងដល់១លានដុល្លារអាមេរិកក្នុងមួយថ្ងៃ នៅរយៈពេលពីរបីឆ្នាំខាងមុខ ។

អ្នកឧកញ៉ាគិតម៉េង ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនតែលកូថេកដែលចុះបញ្ជីនៅផ្សារមូលបត្រថ្ងៃនេះ ក៏បានមានប្រសាសន៍ផងដែរថា ការចុះបញ្ជីក្រុមហ៊ុននៅក្នុងផ្សារមូលបត្រ នឹងអាចធ្វើឱ្យក្រុមហ៊ុនអាចរកប្រភពទុន មកពីពង្រីកអាជីវកម្មបានមួយកម្រិតទៀត ហើយក៏សង្ឃឹមថា នឹងមានក្រុមហ៊ុនជាបន្តបន្តាប់ចូលចុះបញ្ជី ក្នុងផ្សារមូលបត្រកម្ពុជាកាន់តែច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here