ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងវិបត្តិកូវីដ១៩ បានធ្វើឱ្យវិស័យជាច្រើន រងផលប៉ះពាល់និងបានបិទអាជីវកម្មជាបន្តបន្ទាប់ ហើយក៏បានប៉ះពាល់ដល់ការងាររបស់កម្មករ បុគ្គលិកជាច្រើនផងដែរ ជាក់ស្ដែងក្នុងវិស័យទេសចរណ៍ មានបុគ្គលិកជាច្រើនបានប៉ះពាល់ និងបាត់បង់ការងារ។

បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបង្ហាញដោយលោកហុង ជឿន រដ្ឋលេខាធិការក្រសួងនេះបានឲ្យដឹងនៅព្រឹកថ្ងៃទី៨ កញ្ញា២០២១នេះ ថាក្នុងឆ្នាំ២០២០កន្លងទៅ ប្រជាពលរដ្ឋកម្ពុជាប្រមាណ៤៧៨ពាន់នាក់ បានបាត់បង់ការងារ ប៉ុន្តែមកដល់ឆ្នាំ២០២១នេះ តាមការសិក្សារកឃើញថា ពលរដ្ឋប្រមាណ១០ម៉ឺននាក់មានការងារធ្វើឡើងវិញ ។
លោកបន្តថា “នៅក្នុងវិបត្តិកូវីដ១៩នេះ មានវិស័យជាច្រើនបានធ្លាក់ចុះ និងធ្វើឱ្យបាត់បង់ដល់ការងាររបស់បុគ្គលិក ប៉ុន្តែមានវិស័យមួយចំនួនទៀត បែរជាមានកំណើនការងារទៅវិញ ក្នុងនោះគេឃើញថាវិស័យហិរញ្ញវត្ថុក៏មានកំណើនការងារផងដែរ”។ លោកថា “នេះមិនមែនជាការចៃដន្យទេ ដែលកម្ពុជាដែលវិស័យមួយចំនួន មានកំណើនការងារក្នុងបរិបទកូវីដ១៩នេះ គឺដោយសារតែរដ្ឋាភិបាលបានទប់ស្កាត់មិនឱ្យធ្លាក់ចុះផង និងពង្រឹងសេដ្ឋកិច្ចក្នុងបរិបទកូវីដ១៩ផង”។
លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានថ្លែងផងដែរថា នៅក្នុងបរបិទកូវីដ១៩នេះ ពិតជាធ្វើឱ្យវិស័យជាច្រើនបានរងផលប៉ះពាល់ ដល់ដំណើរការអាជីវកម្មនិងការរីកលូតលាស់ ប៉ុន្តែក៏មានវិស័យមួយចំនួន នៅតែអាចដំណើរការដោយលូន និងក្រុមហ៊ុនមួយចំនួនទៀត បានកែប្រែពីវិបត្តិនេះទៅជាឱកាស ដែលអាចរកប្រាក់ចំណេញបាននៅក្នុងបរិបទកូវីដ១៩ ។
អ្នកឧកញ៉ា សៀ ឬទ្ធីវិនិយោគិនអចលនទ្រព្យមួយរូបនៅកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា ក្នុងបរិបទកូវីដ១៩នេះ ការដ្ឋានសំណង់មួយចំនួនរប់សលោក កំពុងតែខ្វះបុគ្គលិក និងកម្មករធ្វើការទៅវិញ ដែលវាសបញ្ជាក់ថា វិស័យសំណង់ទោះបីជាមានការធ្លាក់ចុះតែមិនធ្លាក់ចុះខ្លាំងឬប៉ះពាល់ធ្ងន់ធ្ងរឡើយ ហើយវិស័យនេះនៅតែមានតម្រូវការកម្មករសម្រាប់បំពេញការងារក្នុងបរិបទនេះ៕







