ដោយៈសុជាតា
ភ្នំពេញៈ ភូមិកីឡា ដែលកំពុងសាងសង់ដោយក្រុមហ៊ុនWorld Bridge Sport Village បានកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនជាតិ និងអន្តរជាតិ។

គិតមកដល់កណ្តាលឆ្នាំ ២០២១ នេះ ក្រុមហ៊ុនកំពុងសាងសង់លើផ្ទៃដីប្រមាណ ៨ ហិចតា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវសាងសង់ជាបន្ទប់ និងខុនដូសរុបជាង១៧០០បន្ទប់ និងាមានបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតង ដែលមានទីធ្លាធំទូលាយ មានផ្សារទំនើប និងសាលធំៗផងដែរ។
អ្នកនាងភី ឌីនីការ បុគ្គលិកផ្នែកលក់គម្រោងរបស់ក្រុមហ៊ុន Worldbright បានប្រាប់ Property Asia area នៅថ្ងៃទី៨ ខែកញ្ញា ថា គិតត្រឹមឆ្នាំ ២០២១ សំណង់អាគារប្រភេទអាជីវកម្ម បានលក់ដាច់អស់ហើយ។ ចំណែក ផ្ទះល្វែង វិទ្បាភ្លោះបានលក់ច្រើនគួរសមដែរ ។ប៉ុន្តែអគារខុនដូមួយចំនួននៅសល់ច្រើន។
អ្នកនាងបញ្ជាក់បន្ថែមទៀតថា “គម្រោងអាគារទាំងមូល គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣ ហើយប្រគល់អោយអតិថិជននៅដើមឆ្នាំ២០២៤ នេះ។ អតិថិជនភាគច្រើនជាអតិថិជនខ្មែរ និងអតិថិជនចិនមួយចំនួនផងដែរ”។
ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Sport Village ដែលទទួលបានសិទ្ធិសាងសង់ភូមិកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោធ្លាប់
បានអះអាងថា ក្រុមការងាររបស់លោក នឹងពន្លឿនការសាងសង់ភូមិកីឡានេះ ឱ្យបានរួចរាល់តាមផែនការ ដើម្បីត្រៀមស្វាគមន៍ នូវព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ដ្រ នៅកម្ពុជានេះ គឺនឹងមិនធ្វើឱ្យខូចកិត្តិយសជាតិនោះឡើយ។
តំបន់ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ”មានខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ១អគារស្មើនឹង១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ សម្រាប់វិនិយោគនាពេលអនាគត។
បន្ទាប់ពី ការប្រកួត កីឡាស៊ីហ្គេមឆ្នាំ២០២៣បញ្ចប់ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់ តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និងជាទីប្រជុំជន ដែលមានទំនើបទាន់សម័យ៕







