ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញកង់ពីប្រទេសកម្ពុជាទៅលក់ នៅទីផ្សារអន្តរជាតិក្នុងរយៈពេល៨ខែ ដើមឆ្នាំ ២០២១ មានចំនួន ១,៨៦ លានគ្រឿង ដោយប្រមូលបានប្រាក់សរុបជាង៤១៦លានដុល្លារ កើនជាង៨២ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។

ទិន្នន័យដដែលបានបង្ហាញថា ទោះបីវិបត្តិការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ ដែលបង្កផលប៉ះពាល់ដល់ចង្វាក់ផលិតកម្មមួយចំនួន ក៏ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអន្តរជាតិមិនបានធ្លាក់ចុះឡើយ ដោយគិតពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១ កម្ពុជាបាននាំចេញកង់ ក្នុងទឹកប្រាក់សរុប៤១៦,៨៥លានដុល្លារ កើនឡើង ២៤,៥៥ភាគរយ ស្មើនឹងចំនួន៨២,១៧លានដុល្លារធៀបនឹងរយៈពេល៨ ខែឆ្នាំ ២០២០ ដែលមានទឹកប្រាក់៣៣៤,៦៧លានដុល្លារ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទីផ្សារនាំចេញកង់កម្ពុជា បានរក្សាភាពវិជ្ជមានជាបន្តបន្ទាប់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាពវិជ្ជមាននេះបានមកពីកត្តារួមផ្សំមួយចំនួន ដូចជា ការបង្កើតបានទីផ្សារថ្មីៗជាបន្តបន្ទាប់ អ្នកបញ្ជាទិញមានទំនុកចិត្តលើការផលិត និងការផ្គត់ផ្គង់របស់កម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩បានល្អ ដើម្បីធានានិរន្តរភាពរបស់ខ្សែចង្វាក់ផលិតកម្ម។
លោកបន្តថា “កំណើនទឹកប្រាក់នៃការនាំចេញកង់ ក្នុងរយៈពេលនេះគឺជាចំណែកនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធក្នុងការអំពាវនាវដល់អ្នកបញ្ជាទិញឱ្យបន្តការបញ្ជាទិញ ព្រមជាមួយនឹងទំនុកចិត្តរបស់អ្នកបញ្ជាទិញកង់ពីកម្ពុជា”៕







