ដោយៈលក្ខិណា
ភ្នំពេញៈ ចាប់តាំងពីកម្ពុជាបានបង្កើតគណៈកម្មការមូលបត្រ និងផ្សារមូលបត្ររហូតមកដល់ពេលនេះ វិស័យមួយនេះប្រមូលទុនបានជាង២៥៧លានដុល្លារអាមេរិកពីកក្រុមហ៊ុនចុះបញ្ជីទាំង១៤។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនចំនួន៨បានចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា និង៦ក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាប័ណ្ណសាជីវកម្ម ។ នេះបើតាមលោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីបប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ថ្លែងក្នុងពិធីចុះបញ្ជីជាផ្លូវការនៃក្រុមហ៊ុនDBD Engineering Plc នៅថ្ងៃទី៦កញ្ញា២០២១នេះ។
លោកបានឱ្យដឹងថា ការបោះជំហានថ្មីមួយទៀត របស់ផ្សារមូលបត្រកម្ពុជា គឺជាការចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ឱ្យសហគ្រាសទាំងឡាយ នូវច្រកហិរញ្ញប្បទានថ្មីមួយ ដែលជា ប្រភពទុនមិនចេះរីងស្ងួតជាមួយនឹងចំណាយថ្លៃដើមទាប ស្របតាមផែនការ ស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩ សម្រាប់ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដែលគ្រោងនឹងដាក់ចេញ ក្នុងគោលបំណង អូសទាញកំណើន សេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងតាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសលើមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក ។
លោកហ៊ាន សាហ៊ីបបានបន្តថា តាមរយៈក្រុមហ៊ុនដែលបានចុះបញ្ជី មិនត្រឹមតែមានលទ្ធភាពទទួលបាននូវប្រភពទុន ដែលមិនចេះរីងស្ងួត ដែលមានថ្លៃដើមទាប និងជាទុនរយៈពេលវែងប៉ុណ្ណោះទេ តែថែម ទាំងទទួលបាននូវការលើកទឹកចិត្តពន្ធដារពីរាជរដ្ឋាភិបាល បង្កើនកិត្តិនាមខ្លួននៅ ទីផ្សារ ជាតិ និងអន្តរជាតិ, ទទួលបានការទុកចិត្តខ្ពស់ពីអតិថិជន វិនិយោគិន និងសាធារណជន រីឯក្រុមហ៊ុនខ្លះប្រើជាយុទ្ធសាស្ត្រចាកចេញដើម្បីឱ្យភាគហ៊ុនិកមួយចំនួនមានច្រកចេញ ជាមួយនឹងតម្លៃភាគហ៊ុនមួយខ្ពស់តាមស្ថានភាពទីផ្សារ ។
ទោះស្ថិតនៅក្នុងបរិបទនៃកូវីដ១៩ក្ដី តែដំណើរការនៃ វិស័យមូលបត្រកម្ពុជានៅតែមានភាពរលូន ដោយសារតែការវិនិយោគលើវិស័យមូលបត្រ គឺជារងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ប៉ុន្មាននោះទេ។ អ្នកវិនិយោគជាអ្នកដែលមានហិរញ្ញវត្ថុសល់ បានន័យថាមិនមែនជាអ្នក ដែលវិនិយោគចង់បានប្រាក់ចំណេញភ្លាមៗហើយ ហើយខាងគណៈកម្មការមូលបត្រកម្ពុជា ក៏មិនលើកទឹកចិត្តដល់សាធារណជន ក្នុងការរកកម្ចីឬប្រភពទុនផ្សេងៗមកវិនិយោគក្នុងផ្សារហ៊ុននោះដែរ៕







