ដោយៈវឌ្ឈនា
ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (SERC) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនRedbridge Co., Ltd ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជាបាន និងកំពុងរីកចម្រើនជាលំដាប់។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃ ន.ម.ក លោក ស៊ូ សុជាតិ បានចុះហត្ថលេខា ជាមួយនឹងអ្នកស្រី ម៉ៅ សុខា នាយកប្រតិបត្តិនៃក្រុមហ៊ុនRedbridge ស្តីពី “ការពិគ្រោះយោបល់ និងការផ្តល់ជំនួយបច្ចេកទេស ក្នុងការរៀបចំគោលការណ៍ណែនាំពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន សម្រាប់អាជីវកម្មឧបករណ៍និស្សន្ន” កាលពីថ្ងៃទី ១៥ ខែ កក្កដា តាមប្រព័ន្ធអនឡាញ ។
លោកស៊ូ សុជាតិបានមានប្រសាសន៍ថា អនុស្សរណៈនេះត្រូវបានរៀបចំឡើងក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដែលក្រុមហ៊ុន Redbridge នឹងជួយផ្តល់ប្រឹក្សាយោបល់ចំណេះដឹងបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដល់អាជីវកម្មឧបករណ៍និស្សន្ទនៅកម្ពុជា។
លោកបន្តថា តាមរយៈអនុស្សរណៈនេះ ក្រុមហ៊ុនក៏នឹងផ្តល់ជំនួយបច្ចេកទេសដល់ ន.ម.ក. ក្នុងការរៀបចំនូវគោលការណ៍ណែនាំពាក់ព័ន្ធ នឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់អាជីវកម្មឧបករណ៍និស្សន្ទ។
លោកបានបន្តទៀតថា “គោលការណ៍ណែនាំនេះ នឹងក្លាយជាមគ្គុទេសក៍បច្ចេកវិទ្យាព័ត៌មានសម្រាប់ក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពី ន.ម.ក. ធ្វើអាជីវកម្មឧបករណ៍និស្សន្ន”៕







