ក្រុមហ៊ុនយក្ស Google ទិញយកក្រុមហ៊ុនទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ជប៉ុន Pring

ដោយៈសុខុម

តូក្យូៈ ក្រុមហ៊ុន Googleបានព្រមព្រៀងទិញយកក្រុមហ៊ុន Pring ដែលជាក្រុមហ៊ុនទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិកទើបបង្កើតថ្មីរបស់ជប៉ុន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៣ កក្កដា នេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក មួយនេះបានទិញយកអាជីវកម្មនេះដើម្បីហក់ចូលក្នុងទីផ្សារ ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស របស់ប្រទេសជប៉ុន សម្រាប់សេវាកម្មទូទាត់ដោយគ្មានសាច់ប្រាក់ (cashless payment)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្ចាស់ភាគហ៊ុនធំទាំង៣របស់ក្រុមហ៊ុន Pring រួមមានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Metaps ក្រុមហ៊ុនសូហ្វវែរ Miroku Jyoho Service និងក្រុមហ៊ុន Nippon Gas បានប្រកាសនៅថ្ងៃអង្គារ ទី១៣ កក្កដានេះថា ពួកគេនឹងលក់ភាគហ៊ុនរួមបញ្ចូលគ្នាទាំង៨៧%របស់ខ្លួននៅក្នុងក្រុមហ៊ុន Pring ឱ្យទៅក្រុមហ៊ុន Google។

ក្រុមហ៊ុន Metaps បានបញ្ជាក់ដោយឡែកថា ខ្លួននឹងលក់ភាគហ៊ុន៤៥%របស់ខ្លួនក្នុងក្រុមហ៊ុន Pring ក្នុងតម្លៃ៤៤លានដុល្លារអាមេរិក។

ក្រមហ៊ុន Google បានដំណើរការអាជីវកម្មទូទាត់ តាមទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនដែលមានឈ្មោះថា Google Pay នៅក្នុងប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០១៦ មកម៉្លេះ។

ការទូទាត់ដោយក្រដាសប្រាក់ក្នុងប្រទេសជប៉ុន គឺពេញនិយមខ្លាំងណាស់ ព្រោះប្រទេសនេះជាប្រទេសអភិរក្សនិយម។ ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យានានា ដូចជា ក្រុមហ៊ុន SoftBank និងក្រុមហ៊ុន Rakuten ជាដើមព្រមទាំងក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងៗទៀតកំពុងតែលើកទឹកចិត្តឱ្យពលរដ្ឋជប៉ុន ងាកមកប្រើប្រាស់សេវាទូទាត់តាមទូរស័ព្ទ ជំនួសឱ្យការទូទាត់ដោយសាច់ប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here