ដោយៈ សាវុធ
បាត់ដំបងៈ អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងរៀបចំពង្រីកតំបន់ទេសចរណ៍នានា នៅជុំវិញខេត្តបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើន តាមរយៈកែលម្អនូវតំបន់ទេសចរណ៍ទាំងអស់នេះ និងកសាងនូវហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អប្រសើរ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ត្រូវបានដកស្រង់សម្តីចេញពីវិទ្យុជាតិកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ដោយលើកឡើងថា គោលដៅរបស់អាជ្ញាធរខេត្ត គឺចង់ឲ្យភ្ញៀវទេសចរចេញពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ទៅលេងខេត្តសៀមរាបបង្ហួសមកលេងកម្សាន្តនៅខេត្តបាត់ដំបង ឬចេញពីភ្នំពេញតាមផ្លូវជាតិលេខ៥ ខេត្តបាត់ដំបងបន្តទៅលេងកម្សាន្តនៅខេត្តសៀមរាប ឬខេត្តផ្សេងៗទៀត។
លោកបានបន្តថា ក្នុងការធ្វើឲ្យមានភាពទាក់ទាញ និងឱ្យសម្រេចគោលដៅនោះ គឺខេត្តបានរៀបចំតំបន់ទេសចរណ៍ក្នុងទិសទាំង៤ ជុំវិញក្រុងបាត់ដំបង ដូចជានៅទិសខាងត្បូង មានប្រាសាទបាណន់ រៀបចំបន្ថែមនូវភោជនីយដ្ឋាន រៀបចំតំបន់បៃតង និងទីតាំងជិះឡូរីនៅជើងភ្នំបាណន់ជាដើម ទិសខាងជើងមានប្រាសាទឯកភ្នំ តាមរយៈការរៀបចំផ្លូវភ្លោះពីទីរួមខេត្ត ការស្ដារបឹងធម្មជាតិជុំវិញប្រាសាទ មានបឹងរលួស និងបឹងតាគម រួមទាំងការដាំដើម ឈើរាប់រយដើមនិងកែលម្អទី តាំងទេសចរណ៍មួយចំនួន។
លោកបានឱ្យដឹងទៀតថា ទាំង៤ជ្រុង ជុំវិញក្រុងបាត់ដំបងនេះ ធ្វើម៉េចឲ្យក្លាយជាដែកឆក់ ហើយប្រជា ពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ មកខេត្ត បាត់ដំបង អាចមានទីកន្លែងកម្សាន្តច្រើន។
នៅខេត្តបាត់ដំបង មានតំបន់ទេសចរណ៍ជាច្រើន ដូចជារមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានវប្បធម៌ រមណីយដ្ឋានធម្មជាតិ កសិទេសចរណ៍ ទេសចរណ៍កែច្នៃ សហគមន៍ទេសចរណ៍ជាដើម ដោយកាលមិនទាន់ផ្ទុះមានជំងឺកូវីដ១៩ ខេត្តនៅភូមិភាគពាយព្យប្រទេសមួយនេះ ក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តរាប់ម៉ឺននាក់៕







